
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា កត្តាដែលជួយឱ្យការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅតែរក្សាបានកំណើនល្អប្រសើរនៅប៉ុន្មានខែកន្លងមកនេះ គឺដោយសារការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជា ពីទីផ្សារអាម៉េរិក និងអឺរ៉ុប នៅតែមានតម្រូវខ្ពស់ដោយសារទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារទាំងនោះនៅតែរក្សាបានភាពល្អប្រសើរ ស្របពេលកម្ពុជា បានរៀបចំស្របទៅតាមបទដ្ឋាននៃតម្រូវការរបស់ប្រទេសបញ្ជាទិញ គួបផ្សំគុណភាពផលិតផលកម្ពុជា អាចឆ្លើយតបនឹងតម្រូវការ។ សម្រាប់អ្នកជំនាញរូបនេះ ទោះបីជាបច្ចុប្បន្នបញ្ហាសម្ពាធពន្ធបដិការរបស់អាម៉េរិក ដាក់មកលើកម្ពុជា នៅមិនទាន់បានកំណត់ច្បាស់លាស់ក្តី ប៉ុន្តែបញ្ហានេះទំនងជាមិនធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក នៅពេលខាងមុខនោះទេ។
ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអះអាងថា បច្ចុប្បន្ននៅតាមបណ្តារោងចក្រសហគ្រាសជាច្រើនកំពុងខ្វះខាតកម្លាំងពលកម្ម ហើយស្របពេលពលករខ្មែរជាច្រើនបានត្រឡប់មកពីប្រទេសថៃ នោះវាជាឱកាសមួយក្នុងការស្រូបទាញពួកគេឱ្យចូលរួមជួយជំរុញផលិតភាពនៃការផលិត និងការវិនិយោគក្នុងវិស័យនេះឱ្យកាន់តែមានការកើនឡើងបន្ថែមទៀត។ ទន្ទឹមនេះ លោក រំពឹងថា នៅឆ្នាំ២០២៦ ខាងមុខ កម្មករ កម្មការិនីនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ជាងមុន។
ពាក់ព័ន្ធបញ្ហានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការរក្សាបានទំនាក់ទំនងល្អជាមួយប្រទេសដៃគូរពាណិជ្ជកម្ម គឺជាកត្តាសំខាន់ក្នុងការជំរុញកំណើននាំចេញផលិតផលកាត់ដេររបស់កម្ពុជា។ យ៉ាងណាមិញចំពោះបញ្ហាកង្វះកម្លាំងក្នុងវិស័យនេះ ស្របពេលដែលពលករខ្មែរជាច្រើនបានត្រឡប់មកស្រុកកំណើតវិញ លោកយល់ថា ប្រសិនបើរាជរដ្ឋាភិបាលរៀបចំលក្ខខណ្ឌការងារ និងតម្លៃប្រាក់ឈ្នួលជូនពួកគេឱ្យបានល្អប្រសើរនោះ ប្រាកដណាស់ពួកគេនឹងចូលទៅបំពេញបញ្ហាកង្វះកម្លាំងពលកម្មទាំងនោះ។
គួរបញ្ជាក់ថា ការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែងតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៥ ការនាំចេញសម្លៀកបំពាក់សម្រេចបានជាង៤ពាន់២រយលានដុល្លារ កើនឡើងជិត២៣% រីឯផលិតផលវាយនភណ្ឌសម្រេចបានជាង២៤៥លានដុល្លារកើនឡើងជាង២២% ខណៈស្បែកជើងសម្រេចបានជាង៨៤២លានដុល្លារកើនឡើងជាង៣៦% និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូបសម្រេចបានជាង៨៣៦លានដុល្លារកើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕