មុនថៃ បើកការឈ្លានពានមកលើកម្ពុជា ពលរដ្ឋកម្ពុជា ដែលទៅស្វែងរកសេវាសុខាភិបាលនៅប្រទេសថៃ មានចន្លោះពី៦ម៉ឺន ទៅ៧ម៉ឺននាក់ក្នុង១ឆ្នាំៗ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ប្រព័ន្ធសុខាភិបាលថៃ កំពុងប្រឈមមុខនឹងសម្ពាធដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក ស្របពេលវិបត្តិខាតបង់ថវិកានៅតាមមន្ទីរពេទ្យ កង្វះខាតបុគ្គលិកពេទ្យ និងការធ្លាក់ចុះនៃស្តង់ដាសេវាកម្ម កំពុងរុញច្រានឱ្យមន្ទីរពេទ្យមួយចំនួនបង្ខំចិត្តកាត់បន្ថយចំនួនគ្រែ និងបិទសេវាកម្មសំខាន់ៗមួយចំនួន។
ស្ថានភាពបច្ចុប្បន្នបានបង្ហាញឱ្យឃើញថា មន្ទីរពេទ្យតំបន់ជាច្រើនកំពុងតស៊ូជាមួយនឹងការខាតបង់ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ខណៈបន្ទុកការងារដ៏ធ្ងន់ធ្ងរលើវេជ្ជបណ្ឌិត ដែលកំពុងបម្រើការងារនៅតាមមន្ទីរពេទ្យនានា កំពុងបង្កជាក្តីបារម្ភដល់សុវត្ថិភាពអ្នកជំងឺ និងធ្វើឱ្យស្តង់ដា ដែលថៃ ធ្លាប់អួតក្អេងក្អាងនោះ បានក្លាយជាស្រមោលអតីតកាល។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ុំសាក់ ធៀមកាវ (Somsak Tiamkao) អ្នកជំនាញខាងសរសៃប្រសាទ នៃសាកលវិទ្យាល័យ ខនកែន បានព្រមានដោយត្រង់ៗថា ប្រព័ន្ធសុខាភិបាលថៃបានឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់ហើយ។ លោកបានអំពាវនាវឱ្យមានការសង្គ្រោះបន្ទាន់ ដើម្បីការពារកុំឱ្យមន្ទីរពេទ្យទាំងនោះលិចលង់កាន់តែជ្រៅក្នុងភក់ជ្រាំ នៃបំណុល និងការខាតបង់។
អ្វីដែលគេមិនអាចមើលរំលងបាននោះ គឺកម្លាំងពហិការពីសំណាក់ពលរដ្ឋកម្ពុជា។ កាលពីមុនវិបត្តិព្រំដែន ក្នុងមួយឆ្នាំៗមានពលរដ្ឋកម្ពុជាចន្លោះពី៦ម៉ឺនទៅ៧ម៉ឺន៥ពាន់នាក់បានសម្រុកទៅរកសេវាសុខាភិបាលនៅប្រទេសថៃ ដោយនាំយកសាច់ប្រាក់សុទ្ធទៅចាក់បញ្ចូលក្នុងសេដ្ឋកិច្ចថៃចន្លោះពី១០ទៅ៥០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។
មិនត្រឹមតែថ្លៃព្យាបាលនោះទេ លំហូរលុយទាំងនេះ ក៏បានជ្រាបចូលទៅក្នុងវិស័យដឹកជញ្ជូន សណ្ឋាគារ ការទិញទំនិញ និងអាហារដ្ឋានផងដែរ។ ការបាត់បង់អតិថិជនលំដាប់ហោប៉ៅក្រាស់ ដូចជាពលរដ្ឋកម្ពុជា បានក្លាយជាការបន្ថែមបន្ទុកដល់មន្ទីរពេទ្យឯកជន និងពេទ្យរដ្ឋរបស់ថៃឱ្យកាន់តែដុនដាបលើសដើម ក្នុងគ្រាដែលពួកគេកំពុងខ្វះខាតថវិកាស្រាប់ហើយនោះ៕
ដោយៈ សរ សុជាតិ