
បើតាមអ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា ពលរដ្ឋថៃដែលកំពុងរស់នៅកម្ពុជា ត្រូវបានរដ្ឋាភិបាលលាក់ព័ត៌មាន និងធានាសុវត្ថិភាព ដោយមិនមានការរើសអើង។ តែយ៉ាងណាពលករខ្មែររស់នៅក្នុងប្រទេសថៃ កំពុងព្រួយបារម្ភខ្លាំងដោយមានក្រុមជ្រុលនិយមថៃមួយចំនួនបានដើរល្បាតរកពលករខ្មែរដើម្បីវាយធ្វើបាប។
ពលករខ្មែរម្នាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានប្រាប់សារព័ត៌មានខេមបូណូមីស ដោយសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពថា មូលហេតុដែលជនជាតិថៃ ខឹងសម្បារនឹងតាមរកពលករខ្មែរធ្វើបាបនេះ ក៏ដោយសារតែមានព័ត៌មានក្នុងស្រុកថៃ ផ្សាយពីទាហានកម្ពុជា បានបាញ់គ្រាប់ផ្លោងធ្វើឱ្យខូចខាតផ្ទះសម្បែង និងស្លាប់ពលរដ្ឋថៃ ដែលធ្វើឱ្យពួកគេហាក់មានគំនុំគុំគួន និងបានធ្វើដំណើរជាក្រុមមានមនុស្សច្រើននាក់ ដើម្បីសងសឹកតាមរយៈវាយធ្វើបាបពលរដ្ឋខ្មែរយ៉ាងសាហាវឃោឃៅបំផុត។ បើតាមពលករខ្មែររូបនេះ លោកមិនអាចទទួលយកបានឡើយនូវទង្វើដ៏សាហាវបែបនេះ ខណៈបច្ចុប្បន្នលោកកំពុងកើតក្ដីបារម្ភពីសុវត្ថិភាពខ្លួន និងមិនអាចធ្វើដំណើរទៅទីកន្លែងណាបាននោះទេ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សកម្មភាពយ៉ាងអនាធិបតេយ្យរបស់ក្រុមជ្រុលនិយមថៃមួយចំនួននៅក្នុងប្រទេសថៃ ដែលធ្វើបាបពលករកម្ពុជា ជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិពលករ ដែលបង្ហាញថា ថៃមិនមានភាពជាមនុស្សធម៌ក្នុងខ្លួនឡើយ។ បើតាមអ្នកជំនាញរូបនេះ ជនជាតិថៃ ខ្វះការពិចារណា ព្រោះថាពលករខ្មែរទាំងនោះ ទៅធ្វើការទាំងស្របច្បាប់ ឬមិនស្របច្បាប់ក្ដី គឺដោយសារប្រទេសថៃ ជាអ្នកទទួលឱ្យធ្វើការ។ ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យពលករខ្មែរចាកចេញពីប្រទេសថៃ មកកាន់ប្រទេសកំណើតវិញ ប្រសិនបើមានការធ្វើបាប រើសអើង ឬមាក់ងាយណាមួយមកលើខ្លួន។
ពាក់ព័ន្ធបញ្ហានេះដែរ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ក្រុមជ្រុលនិយមថៃ ដែលបានប្រើអំពើហិង្សា កំពុងរីករាលដាលក្លាយជាសង្គ្រាមចិត្តសាស្រ្តមួយ ដែលរដ្ឋាភិបាលថៃ ត្រូវតែចាត់វិធានការដើម្បីធានាឱ្យបាននូវសុវត្ថិភាពដល់ពលករខ្មែរ។ បើតាមអ្នកជំនាញរូបនេះ សហគមន៍អន្តរជាតិនឹងមើលឃើញពីទង្វើរបស់ក្រុមជ្រុលនិយមថៃ និងថ្កោលទោសពួកគេ ដែលបានប្រព្រឹត្តិអំពើអមនុស្សធម៌លើពលរដ្ឋខ្មែរ ដោយសារតែមានជម្លោះព្រំដែន។
ដោយឡែក ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងការងារ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចការស្វែងរកពលរដ្ឋខ្មែរ ដែលរងការធ្វើបាបពីក្រុមជ្រុលនិយមថៃ ដើម្បីរកមូលហេតុជាក់លាក់ រួចបន្តស្នើសុំឱ្យអនុវត្តតាមនីតិវិធីនៃច្បាប់។ ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់ពលរដ្ឋខ្មែរកំពុងរស់នៅក្នុងប្រទេសថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។
គួរបញ្ជាក់ថា កាលពីកន្លងទៅរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកំណើតវិញ ក្រោយមើលឃើញពីកម្សួលនៃការរើសអើង និងប្រមាថលើពួកគេពីសំណាក់ជនជ្រុលនិយមរបស់ថៃ។ តែទោះជាយ៉ាងណាក៏ដោយ ថ្លៃចំណាយខ្ពស់សម្រាប់ការធ្វើដំណើរមកស្រុកកំណើតវិញ ក៏ដូចជាប្រាក់ឈ្មួលនៅក្នុងស្រុកហាក់នៅក្រោមថ្លៃប្រាក់ឈ្នួលនៅថៃ បានក្លាយជាបញ្ហាប្រឈមក្នុងការសម្រេចចិត្តរបស់ពលករខ្មែរ៕
អត្ថបទ៖ ជា ម៉ារ៉ា