វិស័យការងារ

ពលករខ្មែរនៅថៃ មិនចង់ត្រលប់មកស្រុកវិញដោយសារខ្លាចបាត់បង់ការងារ ដែលទទួលបានប្រាក់ខែខ្ពស់


ការិយាល័យការងារខេត្តប៊ូរីរ៉ាំ (Buri Ram) បានអះអាងថា ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងខេត្តភាគឦសានរបស់ថៃ មួយនេះ មិនចង់ត្រលប់មកកម្ពុជា វិញទេ ដោយសារខ្លាចបាត់បង់ការងារដែលទទួលបានប្រាក់ខែខ្ពស់ ហើយទន្ទឹមនេះក្រុមការងារថៃ ទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្ដីប្រកាសបន្ទាន់មួយថា ប្រទេសថៃ គ្មានគោលនយោបាយបញ្ជូនពលករខ្មែរមកកម្ពុជា វិញទេ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យការងារ
ដោយ

ពលករខ្មែរទាំង១,៣៥០នាក់ នៅខេត្តប៊ូរីរ៉ាំ (Buri Ram) ប្រទេសថៃ មានបំណងនៅធ្វើការបន្ត ទោះបីមានភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ ក៏ដោយ ព្រោះពួកគេបារម្ភខ្លាចបាត់បង់ការងារដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ចិញ្ចឹមគ្រួសារ និងដោះស្រាយបញ្ហាតម្រូវការផ្សេងៗ។

ប្រធានការិយាល័យការងារខេត្តប៊ូរី រ៉ាំ (Buri Ram) លោក ស៊ុមឆៃ ឡា-អងថុង (Somchai La-ongthong) បាននិយាយកាលពីថ្ងៃទី២១ ខែមិថុនា ថា ខេត្តនេះ មានពលករចំណាកស្រុកដែលបានចុះឈ្មោះត្រឹមត្រូវចំនួន៣,៦៨១នាក់ដែលទៅពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ក្នុងនោះ ពលករខ្មែរមានចំនួន១,៣៥០នាក់ ហើយពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ វិស័យកសិកម្ម និងការងារតាមផ្ទះជាដើម។

លោក ស៊ុមឆៃ បានអះអាងថា បន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ក្រុមនិយោជក ឬថៅកែ បានពិគ្រោះជាមួយពលករខ្មែរ ដែលធ្វើការឱ្យពួកគេ ហើយពលករទាំងអស់នោះសុទ្ធតែបានបង្ហាញបំណងចង់នៅធ្វើការបន្ត ពោលគឺគ្មាននរណាម្នាក់ស្នើសុំត្រលប់ទៅស្រុកវិញឡើយដោយបារម្ភខ្លាចបាត់បង់ការងារដែលបានប្រាក់ឈ្នួលខ្ពស់នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះ លោក បានណែនាំឱ្យនិយោជកធានាអះអាងចំពោះពលករទាំងនោះថា ការងាររបស់ពួកគេនៅតែត្រូវបានការពារក្រោមច្បាប់ការពារការងារ។

គួររំឭកថា ឆ្លើយតបទៅនឹងបក្សប្រឆាំងថៃមួយដែលផ្ដល់យោបល់ឱ្យរដ្ឋាភិបាលថៃ ឈប់លក់ប្រេងឱ្យកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសរសេរបង្ហោះលើគណនីហ្វេប៊ុករបស់សម្ដេច នៅយប់ទី២០ ខែមិថុនា ថា បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករ ពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញ រោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ? ពាក់ព័ន្ធបញ្ហាប្រេងក៏ដូចគ្នា សូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែលកំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឱ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា។

ហើយកាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ក្រុមការងារគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្ដីប្រកាសបន្ទាន់មួយថា ប្រទេសថៃគ្មានគោលនយោបាយបញ្ជូនពលករខ្មែរមកកម្ពុជាវិញនោះទេ ហើយនៅតែបន្តអនុវត្តតាមគោលការណ៍ផ្អែកលើមូលដ្ឋានមនុស្សធម៌។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Khaosod របស់ថៃ។

សូមបញ្ជាក់ថា យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជាពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមានចំនួនជាង១,២លាននាក់ដែលបានផ្ញើថវិកាត្រលប់មកកម្ពុជា ជាមធ្យមប្រមាណ២,១ពាន់លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការនាំចេញផ្លែឈើរបស់ប្រទេសថៃ មកកម្ពុជា មានទំហំប៉ុន្មានលានដុល្លារក្នុង១ឆ្នាំៗ?

ពាណិជ្ជករថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយភាពតានតឹងនៅតាមច្រកទ្វារព្រំដែនជាមួយកម្ពុជា ឱ្យបានលឿន និងដោយសន្តិវិធី ហើយបានព្រមានថា …

អ្នកជំនាញព្រមានថា តម្លៃប្រេងនឹងហក់ដល់១៣០ដុល្លារក្នុង១បារ៉ែល បើអ៊ីរ៉ង់បិទច្រកសមុទ្រហ័រម៉ូស

ក្រោយការប្រកាសពីភាពជោគជ័យរបស់កងកម្លាំងអាម៉េរិកលើការវាយប្រហារលើមូលដ្ឋានផលិតសារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន៣កន្លែងកាលពីពេលថ្មីៗ បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ