សំបុកត្រចៀកកាំ

ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅចិន មិនទាន់មានពន្លឺនៅឡើយទេ


សំបុកត្រចៀកកាំរបស់កម្ពុជា ត្រូវបានអាជ្ញាធរចិន បើកភ្លើងខៀវឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោមការគោរពលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភាព ក្រោមក្ដីរំពឹងថា វានឹងជួយពង្រីកទីផ្សារសំបុកត្រចៀកកាំរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងមានតម្លៃល្អប្រសើរបន្ថែមទៀត។ តែយ៉ាងណាមកដល់ពេលនេះ ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅប្រទេសចិន នៅពុំទាន់អាចដំណើរការបាននៅឡើយទេ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជួយសម្របសម្រួលលើនីតិវិធីមួយចំនួន។
ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅចិន មិនទាន់មានពន្លឺនៅឡើយទេ
ដោយ

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ទីផ្សារចិន ពុំទាន់អាចធ្វើទៅបាននៅឡើយទេ ដោយសារនៅមានភាពស្មុគស្មាញមួយចំនួនពាក់ព័ន្ធនឹងការចុះបញ្ជីតាមនីតិវិធីរបស់គយចិន។ បើតាមអ្នកជំនាញរូបនេះ មកដល់ពេលនេះ បណ្ដាក្រុមហ៊ុននាំចេញកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្របសម្រួលលើនីតិវិធីក្នុងការនាំចេញ​។ ជាមួយគ្នានេះ លោក ស៊ុយ កុកធាន សង្ឃឹមថា សំបុកត្រចៀកកាំរបស់កម្ពុជា នឹងអាចនាំចេញទៅទីផ្សារចិនបាន ហើយនឹងធ្វើឱ្យតម្លៃមានភាពប្រសើរនាពេលខាងមុខ។

ស្រដៀងគ្នានេះ លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះ កម្ពុជា នៅពុំទាន់អាចនាំចេញសំបុកត្រចៀកកាំដោយផ្ទាល់ទៅទីផ្សារប្រទេសចិន បាននៅឡើយទេ ដោយសារពាក់ព័ន្ធនឹងរបាំងបច្ចេកទេស។ បើតាមអ្នកជំនាញរូបនេះ ក្រសួងពាក់ព័ន្ធបានខិតខំជួយសម្របសម្រួលដើម្បីឈានដល់ការនាំចេញទៅទីផ្សារប្រទេសចិន ខណៈនៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខ អ្នកជំនាញរបស់ចិន នឹងចុះមកចែករំលែកពីនីតិវិធីក្នុងការនាំចេញ។ ជាមួយគ្នានេះ លោកជំទាវ វ៉ា សុជិន សង្ឃឹមថា ប្រសិនបើមិនមានឧបសគ្គទេ នោះសំបុកត្រចៀកកាំរបស់កម្ពុជា អាចនាំចេញបាននៅចុងឆ្នាំ២០២៥ នេះ ឬនៅដើមឆ្នាំ២០២៦។

សូមបញ្ជាក់ថា សំបុកត្រចៀកកាំរបស់កម្ពុជា ត្រូវបានអាជ្ញាធរចិន បើកភ្លើងខៀវឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោមការទាមទារឱ្យគោរពលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភាព ខណៈអ្នកជំនាញរំពឹងថា វានឹងជួយពង្រីកទីផ្សារសំបុកត្រចៀកកាំរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានតម្លៃល្អប្រសើរបន្ថែមទៀត។ បើតាមប្រធានសមាគមត្រចៀកកាំខ្មែរ កម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ ខណៈមកទល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ពាន់ ទៅ៧ពាន់ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុង១ឆ្នាំ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំ​តាមដានវឌ្ឍនភាព​នៃការកែសម្រួល​ប្រកាស​អន្តរក្រសួង​ពាក់ព័ន្ធនឹង​សេវាសាធារណៈ និងការពិន័យ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥បានរៀបចំកិច្ចប្រជុំតាម ដានវឌ្ឍនភាពនៃការកែសម្រួលប្រកាសអន្តរក្រសួងពាក់ព័ន្ធនឹងសេវា…

មន្ត្រីវាយតម្លៃថា ការបញ្ចេញឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌអាចជួយសន្សំលុយពលរដ្ឋបានជាង១លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងចំនួន៥៩៧គ្រឿង ដើម្បីដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ