កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង៦៥ពាន់លានដុល្លារនៅឆ្នាំ២០២៥

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង៦៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ កើនឡើងជាង១៨%


ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា នៅតែរក្សាបានភាពរឹងមាំ និងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ដោយសម្រេចបានជាង៦៥ពាន់លានដុល្លារ កើនឡើងជាង១៨% បើធៀបនឹងឆ្នាំមុន។ តាមរយៈកំណើននេះបានជំរុញឱ្យអ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០២៦ នឹងបន្តមានលទ្ធផលវិជ្ជមានបន្ថែមទៀត បើទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នស្ថិតក្នុងភាពមិនច្បាស់លាស់ និងកំពុងរងសម្ពាធពីការបាត់បង់សណ្តាប់ធ្នាប់ពិភពលោកក៏ដោយ។
កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង៦៥ពាន់លានដុល្លារនៅឆ្នាំ២០២៥
ដោយ

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅពេញមួយឆ្នាំ២០២៥ កន្លងទៅនេះការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់សរុបជាង៦៥ពាន់លានដុល្លារ កើនឡើងជាង១៨% បើធៀបនឹងឆ្នាំមុន ក្នុងនោះការនាំចេញមានទំហំជាង៣១ពាន់លានដុល្លារ កើនឡើងជាង១៧% ខណៈការនាំចូលមានទំហំជាង៣៣ពាន់លានដុល្លារកើនឡើងជាង១៨%។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចាត់ទុកកំណើនទំហំពាណិជ្ជកម្មនេះ ជាលទ្ធផលនៃការដាក់ចេញនូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងស្រុក និងការនាំចេញ តាមរយៈការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងសកល លើកស្ទួយធុរកិច្ចថ្មី សហគ្រិនភាព និងការបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ទោះបីស្ថានភាពសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់ និងរងការគំរាមកំហែងពីបញ្ហាភូមិសាស្រ្តនយោបាយយ៉ាងណាក្តី តែការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០២៥ នៅតែរក្សាបានភាពរឹងមាំ និងមានភាពប្រកួតប្រជែងខ្ពស់គួរឱ្យកត់សម្គាល់។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ភាពរឹងមាំនេះត្រូវបានរុញច្រានដោយសារការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា ការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការធ្វើពិពិធកម្មនាំចេញរបស់កម្ពុជា។ យ៉ាងណាមិញ អ្នកជំនាញរូបនេះមានសុទិដ្ឋនិយមថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០២៦ នឹងនៅតែរក្សាបានភាពរឹងមាំ ដោយសារកម្ពុជា មានទីផ្សារចម្រុះ និងកំពុងធ្វើពិពិធកម្មទីផ្សារថ្មីបន្ថែម គួបផ្សំមានការជំរុញការផលិតក្នុងស្រុកកាន់តែប្រសើជាងមុន។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស យល់ឃើញថា បើទោះបីការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០២៥ មានកំណើនល្អប្រសើរក៏ពិតមែន តែកម្ពុជា ត្រូវតែបន្តពង្រឹងខ្លួនបន្ថែមទៀតនៅឆ្នាំ២០២៦ ដើម្បីបន្តគាំទ្រកំណើនរបស់ខ្លួន ដ្បិតថា កម្ពុជា អាចរងផលប៉ះពាល់មួយចំនួនពីអត្រាពន្ធគយ ១៩% របស់សហរដ្ឋអាម៉េរិក និងបញ្ហាសកលមួយចំនួន ដែលកំពុងកើតឡើង។ តែយ៉ាងណា អ្នកជំនាញរូបនេះ ជឿជាក់ថា កម្ពុជានឹងនៅតែអាចរក្សាបានកំណើននាំចេញរបស់ខ្លួនទៅកាន់ទីផ្សារផ្សេងៗ ក្រៅពីសហរដ្ឋអាម៉េរិក​។

​យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅពេញមួយឆ្នាំ២០២៥ កន្លងទៅនេះការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់សរុបជាង៦៥ពាន់លានដុល្លារ កើនឡើងជាង១៨% បើធៀបនឹងឆ្នាំមុន ក្នុងនោះការនាំចេញមានទំហំជាង៣១ពាន់លានដុល្លារ កើនឡើងជាង១៧% ខណៈការនាំចូលមានទំហំជាង៣៣ពាន់លានដុល្លារកើនឡើងជាង១៨%។ តាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទោះបីកម្ពុជា ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពាណិជ្ជកម្មសកល ដោយសារមានការជះឥទ្ធិពលអវិជ្ជមានពីកត្តាភូមិសាស្ត្រនយោបាយ និងសង្គ្រាម ព្រមទាំងជម្លោះតាមព្រំដែនកម្ពុជា-ថៃ ប៉ុន្តែក្រសួងពាណិជ្ជកម្ម នៅតែបោះជំហានយ៉ាងស្វាហាប់តាមមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយបន្តធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ស្របតាមចក្ខុវិស័យ និងអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី និងបន្តអនុសាសន៍កែទម្រង់រស់ មិនកែតម្រង់ស្លាប់ សំដៅលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មកម្ពុជាប្រកបដោយចីរភាព៕​

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


បញ្ហាកោះហ្គ្រីនលែនកាន់តែក្ដៅគគុក ក្រោយដាណឺម៉ាកព្រមានប្រើច្បាប់«បាញ់មុនចាំសួរក្រោយ» ក្រោយអាម៉េរិកប៉ុនប៉ងដណ្តើមយកកោះមួយនេះ

ភាពតានតឹងជុំវិញបញ្ហាអធិបតេយ្យភាពកោះហ្គ្រីនលែន (Greenland) កាន់តែឡើងកម្តៅ បន្ទាប់ពីលេចធ្លាយព័ត៌មានថា សហរដ្ឋអាម៉េរិកនៅតែចិញ្ចឹមចង់គ្រប់គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ