 
      ពានរង្វាន់ «អង្គភាពសារព័ត៌មានឆ្នើម» ប្រចាំឆ្នាំ២០២៤ ត្រូវបានប្រគល់ជូន អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស ដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល អ.សហ. នៅក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ ២០២៥ ក្រោមប្រធានបទ «បរធនបាលកិច្ចជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់» កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥។
 
      លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយក នៃអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស បានគូសបញ្ជាក់ថា ការទទួលបានពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវការជឿជាក់ និងឱ្យតម្លៃ របស់និយ័តករបរធនបាលកិច្ច មកលើការកិច្ចការងារផ្សព្វផ្សាយព័ត៌មានរបស់ ខេមបូណូមីស ក្រោមការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទូរទស្សនិកជន និងប្រិយមិត្តទាំងអស់។
អង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស ជាស្ថាប័នព័ត៌មាន ដែលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ផ្សព្វផ្សាយនូវព័ត៌មានពិត ច្បាស់លាស់ លម្អិតស៊ីជម្រៅ ពាក់ព័ន្ធនឹងមាតិកាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយសំខាន់ៗដែលបានកើតឡើង នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។
លោក ស៊ឺន សាយ បានសង្កត់ធ្ងន់ទៀតថា «ក្នុងរយៈពេលជិត ៨ឆ្នាំមកនេះ ខេមបូណូមីស បាននិងកំពុងបន្ដបេសកម្មរបស់យើងឥតឈប់ឈរ ក្នុងការផ្ដល់ជូនសាធារណជន នូវព័ត៌មានពិត លម្អិត និងច្បាស់លាស់ ដើម្បីជាមូលដ្ឋានសម្រាប់ពិចារណា និងធ្វើការសម្រេចចិត្ត។ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ និងគុណតម្លៃស្នូលរបស់យើងនៅក្នុងការផ្សព្វផ្សាយព័ត៌មាន ខេមបូណូមីស បានក្លាយប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបំផុត សម្រាប់សាធារណជន ពិសេសទាក់ទងនឹងព័ត៌មានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគសំខាន់ៗ»។
 
       
       
      ស្ថាបនិកអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស រូបនេះ បានគូសបញ្ជាក់ទៀតថា ខេមបូណូមីស មិនត្រឹមតែជាស្ថាប័នផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ជាកន្លែងបណ្ដុះបណ្ដាលចំណេះ ជំនាញ និងផ្ដល់នូវឱកាសការងារជាច្រើនដល់យុវជន ពិសេស បានរួមចំណែកយ៉ាងសកម្ម ក្នុងការបង់ពន្ធអាករជូនរដ្ឋ ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមអភិវឌ្ឍ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។
 
      ខេមបូណូមីស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រិយមិត្តទាំងអស់ ដែលតែងតែជឿជាក់ និងតាមដាននូវការផ្សព្វផ្សាយព័ត៌មានរបស់យើងនាពេលកន្លងមក។ ការគាំទ្រទាំងអស់នេះ គឺជាកម្លាំងចិត្តដ៏រឹងមាំ ចំពោះសារព័ត៌មាន ដែលមានវិជ្ជាជីវៈច្បាស់លាស់ និងរួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងបង្កជាបញ្ហាអវិជ្ជមានជាច្រើននៅក្នុងសង្គមនាពេលបច្ចុប្បន្ន។
ខេមបូណូមីស ប្ដេជ្ញានឹងបង្កើនសមត្ថភាពក្នុងការផលិតព័ត៌មាន ពិសេសស្វែងរកនូវមាតិកាព័ត៌មានថ្មីៗ សំខាន់ៗ ដែលបម្រើជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ៕
 
       
       
       
       
       
       
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              