
ធនាគារ Deutsche របស់អាល្លឺម៉ង់ បានឱ្យដឹងថា រូបិយប័ណ្ណឌីជីថល Stablecoin អាចជួយឱ្យប្រាក់ដុល្លារអាម៉េរិក នៅតែអាចរក្សាតំណែងជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដ៏ធំបំផុតទី១ របស់ពិភពលោក។ នៅពេលដែលវិនិយោគិនទិញ Stablecoin ក្រុមហ៊ុនដែលលក់ Stablecoin មិនរក្សាទុកលុយដែលបានពីការលក់នោះទេ ពោលគឺក្រុមហ៊ុនទាំងនោះនឹងយកលុយទៅវិនិយោគបន្តលើបណ្ណបំណុលរយៈពេលខ្លីរបស់រដ្ឋាភិបាលអាម៉េរិក ដែលមានសុវត្ថិភាព និងផ្ដល់ប្រាក់ចំណេញតិចតួចមកវិញ។
អ្នកខ្លះបានទាញទឡ្ហីករណ៍ថា តម្រូវការ Stablecoin អាចជួយគាំទ្រដល់ទីផ្សារបំណុលរបស់សហរដ្ឋអាម៉េរិក និងតួនាទីរបស់ប្រាក់ដុល្លារអាម៉េរិកជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដ៏ធំបំផុតរបស់ពិភពលោក។
ទោះជាយ៉ាងណា ធនាគារខាងលើបានលើកឡើងថា ការពឹងផ្អែកច្រើនពេកលើបំណុលរយៈពេលខ្លីអាចបង្កើតហានិភ័យក្នុងការផ្តល់ហិរញ្ញប្បទានឡើងវិញ និងអត្រាការប្រាក់ខ្ពស់សម្រាប់រដ្ឋាភិបាលអាម៉េរិក។
អត្ថប្រយោជន៍ពិតប្រាកដនៃ Stablecoin ដែលត្រូវបានបង្កើតឡើងដើម្បីរក្សាតម្លៃរបស់វាស្មើនឹងប្រាក់ដុល្លារអាម៉េរិក ឧទាហរណ៍ ១ Stablecoin ស្មើនឹង១ដុល្លារអាម៉េរិក គឺជួយជំរុញការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក កាន់តែទូលំទូលាយនៅក្នុងការទូទាត់ពាណិជ្ជកម្មទូទាំងពិភពលោក។
ដោយ: តែម សុខុម