ស្របពេលប្រទេសចិន ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដ៏ធំមួយរបស់កម្ពុជា អ្នកជំនាញបានវាយតម្លៃថា តាមរយៈការឈប់សម្រាករយៈពេលវែងរបស់ប្រជាជនចិននេះ ចង់ ឬមិនចង់វាអាចធ្វើឱ្យមានការរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្មមួយចំនួននៅកម្ពុជា ដ្បិតការដឹកជញ្ជូនទំនិញពីចិនមកកាន់កម្ពុជា មានការកកស្ទះនាអំឡុងពេលនេះ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា ជាទូទៅនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមម្តងៗ ប្រជាជននៃប្រទេសទាំងពីរតែងតែឈប់សម្រាកក្នុងរយៈពេលវែងអាចពីរយៈពេល១សប្ដាហ៍ទៅដល់១ខែឯណោះ ដូច្នេះគ្រប់បណ្តារោងចក្រទាំងអស់ ដែលជារបស់វិនិយោគិនចិន ឬវៀតណាម តែងតែត្រូវបានបិទទ្វារឈប់សម្រាកដូចគ្នាដែរ។ ការណ៍នេះ លោកជឿជាក់ថា ចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យមានការរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្មមួយចំនួននៅកម្ពុជា ដោយសារការយឺតយ៉ាវ នៃការដឹកជញ្ជូនវត្ថុធាតុដើមនានា ក្រោយកកស្ទះនាអំឡុងពេលឈប់សម្រាករយៈពេលវែងនេះ។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានវាយតម្លៃថា ប្រសិនបើពលរដ្ឋចិន ឈប់សម្រាកក្នុងរយៈពេលយូររហូតដល់៤០ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លួននោះ ប្រាកដណាស់វានឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាការដឹកជញ្ជូនទំនិញចេញចូលនានារវាងប្រទេសទាំងពីរ ដោយសារការរំខាននៃការកកស្ទះទំនិញរយៈពេលយូរ។ តែយ៉ាងណា អ្នកជំនាញរូបនេះសង្កេតឃើញថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនដឹកជញ្ជូនរបស់ចិន ភាគច្រើន ឈប់សម្រាកតែប្រមាណ២សប្តាហ៍ប៉ុណ្ណោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន តួយ៉ាងសម្រាប់ឆ្នាំនេះផ្ទាល់ លោកទទួលបានដំណឹងថា ពួកគេនឹងត្រឡប់ទៅប្រតិបត្តការជាធម្មតាវិញនៅដើមសប្តាហ៍ក្រោយនេះ។
សូមជម្រាបថា ចិន ជាប្រទេសនាំចេញ និងជាប្រទេសផលិតកម្មដ៏ធំបំផុតមួយរបស់ពិភពលោក ហើយចិន ក៏ជាទីផ្សារនាំចូលវត្ថុធាតុដើមដ៏ធំជាងគេមួយរបស់កម្ពុជា ផងដែរ។ ជាក់ស្តែងនៅរយៈពេល១ខែដំបូងដើមឆ្នាំនេះ កម្ពុជា បាននាំចូលទំនិញពីចិន មានទំហំទឹកប្រាក់រហូតដល់ជាង១,៧ពាន់លានដុល្លារ ឬស្មើនឹងជាង៥៦% នៃការនាំចូលសរុបរបស់កម្ពុជា៕