 
      លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា ជំនួបរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិននៅប្រទេសកូរ៉េខាងត្បូង បានជួយសម្រាលការប្រឈមនៃសង្រ្គាមពាណិជ្ជកម្មរបស់មហាអំណាចទាំងពីរ។ បើតាមអ្នកជំនាញរូបនេះ សហរដ្ឋអាម៉េរិកបានទម្លាក់ពន្ធបដិការលើទំនិញរបស់ចិន ហើយចិន បានដកចេញនូវពហិការលើទំនិញអាម៉េរិក ព្រមទាំងបានដកចេញការរឹតបន្តឹងក្នុងការនាំចេញរ៉ែកម្រទៅកាន់អាម៉េរិក។ ការណ៍នេះ វានឹងជួយសម្រាលភាពតានតឹង និងឈានទៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលជាចំណុចវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក។ តាមរយៈភាពវិជ្ជមាននៃជំនួបនេះ ក៏នឹងជះឥទ្ធិពលល្អដល់បណ្ដាប្រទេសនានារួមទាំងកម្ពុជាផងដែរ។
ដោយឡែកឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស បានចាត់ទុកលទ្ធផលនៃជំនួបរវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងចិន គឺជាសញ្ញាវិជ្ជមានមួយក្នុងការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ។ ការណ៍នេះ ត្រូវបានអ្នកជំនួញរូបនេះវាយតម្លៃថា វានឹងធ្វើឱ្យបណ្ដាប្រទេសផ្សេងទៀតរួមមានទាំងកម្ពុជាផងដែរ ដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសទាំងពីរ នឹងទទួលបាននូវសកម្មភាពពាណិជ្ជកម្មប្រសើរជាងមុន។
ជាមួយគ្នានេះលោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំរវាងមេដឹកនាំអាម៉េរិក និងចិន នឹងអាចបង្កើតផលវិជ្ជមានជាក់ស្ដែងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមទាំងកម្ពុជាផងដែរ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នឹងក្លាយជាជំហានវិជ្ជមានក្នុងការពង្រឹងជំនឿរបស់ទីផ្សារលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក ខណៈមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនេះបានបន្ធូរបន្ថយភាពតានតឹងឱ្យគ្នាទៅវិញទៅមក។ លទ្ធផលជំនួបខាងលើនេះ ត្រូវបានលោកបណ្ឌិត ឌុច ដារិន្ទ វាយតម្លៃថា នឹងមានផលវិជ្ជមានដល់សេដ្ឋកិច្ចរបស់កម្ពុជា ខណៈកម្ពុជា មានគោលនយោបាយទីផ្សារសេរី បើកចំហរនិងពឹងផ្អែកលើពាណិជ្ជកម្មអន្តរជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នឹងអាចបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម និងឈានដល់ការជំរុញសេដ្ឋកិច្ចសកលឱ្យមានភាពល្អប្រសើរឡើងវិញ។ ការណ៍នេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរូបនេះវាយតម្លៃថា ក៏ផ្ដល់អំណោយផលដល់សេដ្ឋកិច្ចក្នុងតំបន់ និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ជាក់ស្ដែងការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហរដ្ឋអាម៉េរិកនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សម្រេចបានទំហំជាង៩,៥៦៧លានដុល្លារ កើនឡើងប្រមាណ២២% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំទៅសហរដ្ឋអាម៉េរិក មានទំហំជាង៩ពាន់២៨០លានដុល្លារ ហើយអាម៉េរិក នាំចូលមកម្ពុជាវិញ មានទំហំជាង២៨៣លានដុល្លារ។ ដោយឡែកនៅក្នុងរយៈពេលដូចគ្នានេះការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសចិន សម្រេចបានទំហំជាង១៤ពាន់២០៧លានដុល្លារ កើនឡើងប្រមាណ២៧% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅចិនមានទំហំជាង១ពាន់១៨០លានដុល្លារ ហើយចិននាំចូលមកម្ពុជាវិញមានទំហំជាង១៣ពាន់លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ
 
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              