លទ្ធផលនៃកិច្ចប្រជុំ JBC

តើលទ្ធផលនៃកិច្ចប្រជុំ JBC អាចធ្វើឱ្យភាពតានតឹងក្នុងជម្លោះព្រំដែន ជាពិសេសនៅតំបន់ព្រៃចាន់ និងជោគជ័យ មានភាពធូរស្រាលដែរទេ?


កិច្ចប្រជុំពិសេស នៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន ដោយរួមបញ្ចូលទាំងការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាតំបន់មានជម្លោះដ៏ក្តៅនៅមួយរយៈចុងក្រោយនេះ ដោយអនុលោមតាមមាត្រាមួយចំនួន នៃ MoU ឆ្នាំ២០០០។
លទ្ធផលនៃកិច្ចប្រជុំ JBC
ដោយ

ទោះបីភាគីទាំងពីរមានការឯកភាពលើគោលការណ៍មួយចំនួន ដែលអំណោយផលដល់ការបញ្ចប់អរិភាពព្រំដែនរវាងភាគីទាំងពីរក៏ដោយ តែមហាជនមួយចំនួនហាក់នៅបារម្ភចំពោះការអនុវត្តរបស់យោធាថៃខុសពីអ្វីដែលបានឯកភាពគ្នានេះ។ តើលទ្ធផលនៃកិច្ចប្រជុំ JBC អាចធ្វើឱ្យភាពតានតឹងក្នុងជម្លោះព្រំដែន ជាពិសេសនៅតំបន់ព្រៃចាន់ និងជោគជ័យមានភាពធូរស្រាលដែរទេ?

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ បានធ្វើឡើងតាមលក្ខខណ្ឌបច្ចេកទេសស្របតាម MoU 2000 ដែលរដ្ឋាភិបាល នៃប្រទេសទាំងពី២បានព្រមព្រៀងគ្នានាពេលកន្លងមក។ តាមរយៈលទ្ធផលនេះ អ្នកជំនាញរូបនេះ យល់ថា យោធាថៃ នឹងព្រមព្រៀងតាមលទ្ធផលនៃកិច្ចប្រជុំ JBC និងឈានដល់ការបញ្ចប់អរិភាពនឹងគ្នា។

ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា លទ្ធផលនៃកិច្ចប្រជុំ JBC បានបង្ហាញពីភាពវិជ្ជមានគួរឱ្យកត់សម្គាល់តែការអនុវត្តបានក្នុងកម្រិតណានៅពុំទាន់អាចវាយតម្លៃបាននៅឡើយទេ ដោយសារជារឿយៗយោធាថៃ តែងបង្កបាតុភាពធ្វើឱ្យរាំងស្ទះដល់ការអនុវត្តកិច្ចការនានា ដែលភាគីបានឯកគ្នា។

ពាក់ព័ន្ធបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកលទ្ធផលកិច្ចប្រជុំ JBC លើកនេះ ជាការបោះមួយជំហ៊ានទៅមុខប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍ច្បាប់មកជជែកគ្នា ដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ សម្តេចធិបតីបានបន្តថា នៅក្នុងកិច្ចប្រជុំ JBC ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាព និងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នា ក្នុងបំណងឈានទៅដោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ចន្លោះបង្គោលព្រំដែនលេខ៤២ និង៤៧។

បើតាមការអះអាងរបស់ សម្តេចធិបតី ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្នដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានអះអាងថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ ឬការចរចាសន្តិភាពនោះទេ។ កម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជា ក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នោះដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ដាក់ផែនការប្រែក្លាយជាអ្នកផលិតរថយន្តដោយខ្លួនឯងទាំងស្រុងនៅត្រឹមឆ្នាំ២០២៨

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានដាក់គោលដៅប្រកបដោយមហិច្ឆតា ដោយចង់ប្រែក្លាយឥណ្ឌូនេស៊ី ឱ្យក្លាយជាប្រទេសផលិតរថយន្តដោយខ្…

ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 ប្រមូលផ្ដុំស្ដង់ពិព័រណ៌ ២៥០ស្ដង់ មកពី ៩ ប្រទេសនៅតំបន់អាស៊ី

ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 ដែលបាននិងកំពុងរៀបចំឡើងនៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ