វិស័យ សុខាភិបាល

តើការប្រើប្រាស់បារីអេឡិចត្រូនិកអាចជះឥទ្ធិពលមិនល្អលើសង្គម ការសិក្សា និងសុខភាពយ៉ាងណាដែរ?


ការជក់បារីអេឡិចត្រូនិកកំពុងមានការពេញនិយមក្នុងស្រទាប់យុវជន និងសិស្ស និស្សិតមួយចំនួននៅកម្ពុជា ដែលបញ្ហានេះ កំពុងជះផលប៉ះពាល់ដល់ការសិក្សារបស់យុវជន។ ពាក់ព័ន្ធបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកឱ្យសិស្សនិស្សិតទាំងអស់បញ្ឈប់ការជក់បារីអេឡិចត្រូនិក ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ហើយងាកមកផ្ដោតលើការខិតខំសិក្សាជំនួសវិញ។
វិស័យ សុខាភិបាល
ដោយ

ជាមួយគ្នានេះ អ្នកជំនាញយល់ឃើញថា ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជនក្រសួងស្ថាប័នពាក់ព័ន្ធគួរបង្កើនការត្រួតពិនិត្យលើការនាំចូល ក៏ដូចជាអនុវត្តវិធានការក្ដៅចំពោះអ្នកលួចនាំចូល។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នការប្រើប្រាស់បារីអេឡិចត្រូនិកភាគច្រើនជាយុវជន និងបុរស ដោយពួកគេប្រើប្រាស់ជាប្រចាំរហូតផ្តាច់មិនបាន ដែលបានបង្កជាផលប៉ះពាល់ដល់ការរៀនសូត្រនឹងឈានដល់ការបោះបង់ចោលការសិក្សាទៀតផង។ បើតាមអ្នកជំនាញរូបនេះ ដើម្បីអាចដោះស្រាយបញ្ហានេះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ភាគីពាក់ព័ន្ធត្រូវអនុវត្តវិធានការក្ដៅ និងធ្វើជាប្រចាំ ជាពិសេសត្រូវពង្រឹងការត្រួតពិនិត្យលើការនាំចូលបារីអេឡិចត្រូនិកក៏ដូចជាហាមមិនឱ្យប្រើប្រាស់បារីប្រភេទនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា កត់សម្គាល់ឃើញថា កន្លងមកករណីជក់បារីអេឡិចត្រូនិកធ្លាប់ត្រូវបានឪពុកម្ដាយសិស្សលើកយកមកបង្ហាញពីការព្រួយបារម្ភនៅតាមបណ្ដាញសង្គមពីផលប៉ះពាល់នៃការជក់បារីអេឡិចត្រូនិកនេះផងដែរ។ បើតាមលោកបណ្ឌិត ប៉ា ចាន់រឿន រដ្ឋាភិបាលគួរតែមានវិធានការច្បាស់លាស់ជាងនេះ ដើម្បីទប់ស្កាត់ និងលុបបំបាត់ការជក់បារីអេឡិចត្រូនិកពីសំណាក់យុវជន ជាពិសេសសិស្សនិស្សិត ដើម្បីជៀសវាងការកើតជំងឺមហារីកនាពេល អនាគត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញដល់បណ្ដាក្រសួងពាក់ព័ន្ធត្រូវទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិករបស់សិស្សនៅតាមសាលារៀន ពោលគឺត្រូវដាក់ចេញនូវផែនការនានា ដើម្បីបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិក និងជំនួសមកវិញដោយឱ្យពួកគេផ្ដោតលើការសិក្សា។ បើតាមសម្ដេចធិបតី ការប្រើប្រាស់បារីអេឡិចត្រូនិកនាំប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយកន្លងមកធ្លាប់មានក្រុមហ៊ុនឯកជនមានគោលបំណងចង់បោះទុនវិនិយោគលើការផលិតបារីអេឡិចត្រូនិកនៅកម្ពុជា តែត្រូវបានកម្ពុជាបដិសេធ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីឆ្នាំ២០២៤ ចំហាយបារីអេឡិចត្រូនិកដែលអ្នកប្រើប្រាស់ស្រូបយកពីឧបករណ៍ និងបញ្ចេញមកវិញមានសារធាតុគ្រោះថ្នាក់ដូចជានីកូទីន ភាគល្អិតៗដែលអាចស្រូបចូលទៅក្នុងសួត សារធាតុគីមីដែលមានក្លិនអាចបណ្ដាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ សារធាតុសរីរាង្គដែលងាយហើរ សារធាតុគីមីអាចឱ្យមានជំងឺមហារីក ក្រុមលោហៈធ្ងន់ដូចជា នីកែលជាដើម។

សូមបញ្ជាក់ថា បារីអេឡិចត្រូនិកមានផលប៉ពាល់ដល់អ្នកប្រើប្រាស់ដូចជាបណ្ដាលឱ្យញៀនខ្លាំង មានគ្រោះថ្នាក់ដល់គភ៌ពុលដ៏ទារកក្នុងផ្ទៃ ហានិភ័យដល់ការលូតលាស់ខួរក្បាល នាំឱ្យកើតជំងឺមហារីក ថយចុះការផ្ចង់អារម្មណ៍ ដូចជាការរៀនសូត្រ និងការគ្រប់គ្រងកំហឹងជាដើម ៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


បារាំងគ្រោងជួយចរចាកម្ពុជា ឱ្យទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ក្នុងការនាំចេញទំនិញទៅអឺរ៉ុប

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គ្រោងជួយចរចាជាមួយអឺរ៉ុប ដើម្បីឱ្យកម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ក្នុងការនាំចេញទំនិញទៅកាន់…

តើការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម អាចជួយជំរុញទេសចរណ៍ក្រោមបាតសមុទ្រយ៉ាងណាដែរ?

កម្ពុជា បានរកឃើញការបង្កកំណើតរបស់ផ្កាថ្មនៅប្រជុំកោះរ៉ុង ក្នុងខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ហើយការរកឃើញនេះកំពុងផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ