លោក ខេវិន ហេសេត (Kevin Hassett) ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៃសេតវិមានបានបង្ហើបថា បើតាមការប៉ាន់ប្រមាណយុទ្ធសាស្ត្រពីមន្ទីរបញ្ចកោណ សង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលកំពុងរីករាលដាលពេញតំបន់មជ្ឈិមបូព៌ានឹងបញ្ចប់នៅក្នុងរយៈពេលចន្លោះពី៤ ទៅ៦សប្តាហ៍ទៀត។ ទោះជាយ៉ាងណាក៏ដោយលោក ហេសេត បានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយលើជោគវាសនា នៃសង្គ្រាមនេះ គឺស្ថិតនៅលើកណ្តាប់ដៃរបស់លោក ត្រាំ។ ទន្ទឹមនឹងនេះ លោក ក៏បានអំពាវនាវឱ្យពលរដ្ឋអាម៉េរិក មានការអត់ធ្មត់ចំពោះការឡើងថ្លៃប្រេងនាពេលនេះ ហើយបានសង្កត់ធ្ងន់ថា ការលុបបំបាត់របបដឹកនាំនៅអ៊ីរ៉ង់ ដែលជាប្រភព នៃមហិច្ឆតាគំរាមកំហែងសន្តិសុខមជ្ឈិមបូព៌ា គឺជាលទ្ធផលដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន។
ជាមួយគ្នានេះ លោក គ្រីស្ទ រ៉ាយ (Chris Wright) រដ្ឋមន្ត្រីក្រសួងថាមពលអាម៉េរិក ទទួលស្គាល់ថា តម្លៃប្រេងឥន្ធនៈនៅពេលនេះពិតជាបានហក់ឡើងថ្លៃខ្ពស់មែន ប៉ុន្តែវានឹងមិនអាចឡើងដល់២០០ដុល្លារក្នុង១បារ៉ែល ដូចអ្វីដែលអ៊ីរ៉ង់ បានគំរាមនោះឡើយ។ លោកបានអះអាងថា សង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ទំនងជានឹងបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយនៅពេលនោះតម្លៃប្រេងនឹងធ្លាក់ចុះមកវិញ។
ទោះបីជាមន្ត្រីអាម៉េរិក បានបង្ហាញទស្សនសុទិដ្ឋិនិយមយ៉ាងណាក៏ដោយ ប៉ុន្តែស្ថានភាពជាក់ស្តែងនៅតែមានភាពប្រឈមខ្ពស់។ មកទល់ពេលនេះ អាម៉េរិកនៅមិនទាន់អាចគ្រប់គ្រង និងធានាសុវត្ថិភាពពេញលេញនៅច្រកសមុទ្រហ័រម៉ូសបាននៅឡើយទេ ខណៈដែលកងកម្លាំងអ៊ីរ៉ង់ នៅតែបន្តរឹតបន្តឹងការត្រួតពិនិត្យ និងគ្រប់គ្រងច្រកទឹកដ៏សំខាន់នេះយ៉ាងតឹងរ៉ឹងបំផុត៕
ដោយៈ សរ សុជាតិ