
នៅតាមផ្លូវសំខាន់ៗនៅក្នុងក្រុងបុរាណហ្លួងព្រះបាងរបស់ប្រទេសឡាវ កាលពីឆ្នាំ២០១២ មិនសូវមានអ្នកទេសចរបរទេសធ្វើដំណើរច្រើននោះទេ ហើយភាគច្រើននៃអ្នកទេសចរបស្ចិមលោកនៅពេលនោះធ្វើដំណើរឆ្លងកាត់ប្រទេសឡាវ ក្នុងបំណងឆ្ពោះទៅប្រទេសថៃ ឬវៀតណាម តែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះអ្វីៗមានការខុសប្លែកច្រើនដោយគេបានឃើញមានផ្សារសិប្បកម្មលេចឡើងនៅលើផ្លូវមួយក្នុងទីក្រុងបុរាណនេះ ខណៈអ្នកធ្វើដំណើរអន្តរជាតិ និងភ្ញៀវទេសចរបានចូលញ៉ាំអាហារ និងផឹកស្រានៅក្នុងបារ និងភោជនីយដ្ឋានប្លែកៗជាច្រើន។
តួលេខផ្លូវការបានបង្ហាញថា ចំនួនភ្ញៀវទេសចរបានកើនឡើងរហូតដល់១៦២% ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមខែមេសា ឆ្នាំ២០២៥ ហើយទីក្រុងបុរាណហ្លួងព្រះបាង ត្រូវបានគេដាក់ឈ្មោះថា Lonely Planet ដែលជាកន្លែងទេសចរណ៍កំពូលរបស់អាស៊ីសម្រាប់ឆ្នាំ២០២៥ ផងដែរ។ ទីក្រុងហ្លួងព្រះបាងត្រូវបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន៩០ម៉ឺននាក់ កាលពីឆ្នាំមុន ប៉ុន្តែតួលេខជាក់ស្ដែងមានច្រើនជាងនេះរហូតដល់ជាង២លាននាក់ ដែលបង្កើតប្រាក់ចំណូលបានប្រហែល៥៦០លានដុល្លារ។
មន្ត្រីទេសចរណ៍របស់ប្រទេសនេះ បានអះអាងថា តាមរយៈប្រាក់ចំណូលនេះបានជួយឱ្យពលរដ្ឋឡាវជាង១ម៉ឺន៦ពាន់គ្រួសារចាកចេញពីភាពក្រីក្រ ដែលស្មើនឹងជិត១០០%នៃចំនួនប្រជាជនសរុបដែលរស់នៅក្នុងទីក្រុងបុរាណនេះ។
ការរះឡើងនូវភាពរីកចម្រើនរបស់រដ្ឋធានីបុរាណហ្លួងព្រះបាងរបស់ឡាវនេះ បានធ្វើឱ្យមានក្តីសង្ឃឹមថា ប្រទេសឡាវទាំងមូលអាចមានការរីកចម្រើនដូចទីក្រុងនេះដែរ ដែលនឹងជួយជំរុញបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ ដើម្បីកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែអ្នកវិភាគព្រមានថា មិនមែនភ្ញៀវទាំងអស់សុទ្ធតែជួយដល់ជំនួញថ្មីរបស់ប្រជាជនក្នុងតំបន់នោះទេ៕
ដោយ៖ សុខ មង្គល