គណបក្សប្រជាធិបតេយ្យថ្មី (NDP) របស់កាណាដា បានជំរុញឱ្យរដ្ឋាភិបាលលោក Mark Carney លុបចោលកិច្ចសន្យាទិញយន្តហោះចម្បាំង F-35 ដោយលើកហេតុផលថា ការទិញយន្តហោះចម្បាំងអាម៉េរិក នឹងធ្វើឱ្យយោធារបស់កាណាដា ត្រូវពឹងផ្អែកលើសហរដ្ឋអាម៉េរិកកាន់តែខ្លាំង។ បញ្ហានេះកើតឡើងចំពេលលោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងដាក់ពន្ធ៥០% លើយន្តហោះដែលផលិតដោយកាណាដា ប្រសិនបើកាណាដា មិនបញ្ជាទិញយន្តហោះចម្បាំងអាម៉េរិក តាមកិច្ចព្រមព្រៀងទេនោះ។ លោក ត្រាំ បាននិយាយថា សហរដ្ឋអាម៉េរិក អាចរារាំងយន្តហោះកាណាដាមិនឱ្យចូលក្នុងដែនអាកាសរបស់ខ្លួនរហូតដល់យន្តហោះទាំងនោះត្រូវបានអនុម័តពីសហរដ្ឋអាម៉េរិក។
លោក Don Davies មេដឹកនាំគណបក្សប្រជាធិបតេយ្យថ្មី (NDP) បានណែនាំថា កាណាដាគួរតែទិញយន្តហោះចម្បាំង Gripen របស់ប្រទេសស៊ុយអែត ព្រោះវាអាចផ្តល់នូវកិច្ចសហប្រតិបត្តិការការពារជាតិ ដែលអាចទុកចិត្តបានកាន់តែច្រើន និងស្របតាមគោលនយោបាយការបរទេសរបស់លោក Mark Carney។
ទន្ទឹមនេះក្រុមមន្ត្រីកាណាដា ក៏កំពុងពិចារណាលើអ្នកផ្គត់ផ្គង់យន្តហោះចម្បាំងផ្សេងៗទៀតផងដែរ។ ក្រុមហ៊ុន Saab បានផ្តល់នូវជម្រើសផលិតយន្តហោះចម្បាំង Gripen នៅលើទឹកដីប្រទេសកាណាដា ដែលអាចបង្កើតការងារជាង១២.០០០កន្លែង។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកាណាដា លោកស្រី Mélanie Joly បាននិយាយថា រដ្ឋាភិបាលកាណាដា ចង់បានគម្រោងការពារជាតិ ដែលមានទាំងការពារសន្តិសុខជាតិផង និងបង្កើតការងារដល់ពលរដ្ឋកាណាដាផង។
សូមបញ្ជាក់ថា ប្រទេសកាណាដា កាលពីអំឡុងឆ្នាំ២០២២ បានព្រមព្រៀងទិញយន្តហោះចម្បាំងអាម៉េរិកធុន F-35A សរុបរហូតដល់ទៅ៨៨គ្រឿងពីក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាម៉េរិក ហើយដំណាក់កាលដំបូងបានប្តេជ្ញាបង់លុយទូទាត់ថ្លៃយន្តហោះចម្បាំងចំនួន១៦គ្រឿង។ ទោះជាយ៉ាងណា កម្មវិធីនេះបានប្រឈមមុខនឹងការពន្យារពេល ហើយការធ្វើសវនកម្មនៅឆ្នាំ២០២៥ បានរកឃើញថា ការចំណាយបានកើនឡើងពី១៩ពាន់លានដុល្លារឈានដល់២៧,៧ពាន់លានដុល្លារ៕
ដោយ: តែម សុខុម