វិស័យធនាគារ

តើលោក ខេវិន វ៉ាស បេក្ខភាពប្រធានធនាគារកណ្តាលអាម៉េរិកថ្មីជានរណា?


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសជ្រើសរើសអតីតអភិបាលធនាគារកណ្តាលអាម៉េរិក លោក ខេវីន វ៉ាស (Kevin Warsh) ឱ្យធ្វើជាប្រធានធនាគារកណ្តាលអាម៉េរិកជំនួសលោក ជឺរ៉ូម ផូវែល (Jerome Powell) ដែលនឹងត្រូវបញ្ចប់អាណត្តិនៅខែឧសភា ខាងមុខ។ លោក ត្រាំ បានអះអាងថា លោក ខេវិន ជាបុគ្គលដ៏ស័ក្ដិសមបំផុត ដែលអាចជួយឱ្យសេដ្ឋកិច្ចអាម៉េរិក មានភាពរីកចម្រើនស្របតាមអ្វីដែលលោកបានសន្យាជាមួយអ្នកបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
វិស័យធនាគារ
ដោយ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចាត់ទុកបេក្ខភាពប្រធានធនាគារកណ្តាលអាម៉េរិក ដែលលោកទើបជ្រើសរើសជាបុគ្គល ដែលស័ក្ដិសមបំផុតទាំងចំណេះដឹង និងលក្ខណៈសម្បត្តិក្នុងការកាន់តំណែងនេះ។ លោករំពឹងជឿជាក់យ៉ាងមុតមាំថា បុរសវ័យ៥៥ឆ្នាំរូបនេះនឹងអនុវត្តគោលនយោបាយកាត់បន្ថយអត្រាការប្រាក់គោល ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចរបស់សេតវិមាន។ កាលពីឆ្នាំ២០១៧ លោក ខេវិន វ៉ាស ជាបេក្ខភាពឈានមុខគេមួយសម្រាប់តំណែងប្រធានធនាគារកណ្តាលអាម៉េរិក តែកាលនោះ លោក ត្រាំ បានសម្រេចជ្រើសរើសលោក ជឺរ៉ូម ផូវែល ជំនួសវិញ។

តើលោក ខេវិន វ៉ាស ជានរណា? លោក ខេវិន គឺជាបញ្ញវន្តដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Stanford និងសាលាច្បាប់ Harvard។ ក្រៅពីចំណេះដឹងខ្ពង់ខ្ពស់ លោក ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងរង្វង់អភិជនអាម៉េរិកផងដែរ ដោយលោកបានរៀបការជាមួយលោកស្រី ចេន ឡៅឌើរ (Jane Lauder) ដែលជាអ្នកស្នងមរតករបស់មហាសេដ្ឋីគ្រឿងសម្អាងដ៏ល្បីល្បាញ រ៉ូណាល់ ឡៅឌើរ ដែលជាអ្នកគាំទ្រដ៏ធំរបស់គណបក្សសាធារណរដ្ឋ។

ក្រឡេកទៅមើលបទពិសោធការងារឯណោះវិញ លោក ខេវិន បានក្លាយជាអភិបាលនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាលអាម៉េរិក នៅវ័យ៣៥ឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ ហើយលោកធ្លាប់ជាជំនួយការផ្នែកសេដ្ឋកិច្ចនៅក្នុងរដ្ឋបាលសាធារណរដ្ឋរបស់លោក ចច ដាប់ប៊ើលយូ ប៊ូស (George W. Bush) និងជាធនាគារិកនៅក្រុមហ៊ុនហិរញ្ញវត្ថុយក្សរបស់អាម៉េរិក ម័រហ្គែន ស្ទែនលីយ៍ (Morgan Stanley)។ កាលពីប៉ុន្មានខែមុន លោក ខេវិន បានរិះគន់ធនាគារកណ្តាលសហរដ្ឋអាម៉េរិកយ៉ាងខ្លាំងក្លា ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងបានវាយប្រហារថា លោក ផូវែល បាននាំធនាគារកណ្តាលឱ្យទៅពាក់ព័ន្ធនឹងបញ្ហាសង្គមច្រើនហួសហេតុ ដែលវាស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ស្ថាប័នហិរញ្ញវត្ថុកំពូលមួយនេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


គោលនយោបាយយកសេដ្ឋកិច្ចធ្វើជាអាវុធរបស់លោក ត្រាំ កំពុងគំរាមកំហែងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរបស់អាស៊ាន

ត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ ចាប់តាំងពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចូលកាន់អំណាចអាណត្តិទី២ បានធ្វើឱ្យពិភពលោកមានការប្រែប្រួលយ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ