ផ្សារមូលបត្រកម្ពុជា

និយ័តករមូលបត្រកម្ពុជា រំពឹងថា ផ្សារមូលបត្រកម្ពុជា នឹងកៀរគរទុនបានដល់ ១ពាន់លានដុល្លារនៅឆ្នាំនេះ


ថ្នាក់ដឹកនាំនៃវិស័យមូលបត្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ផ្សារមូលបត្រកម្ពុជា (CSX) នឹងអាចកៀរគរទុនវិនិយោគបានរហូតដល់ ១ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៦ បើទោះបីជាសេដ្ឋកិច្ចសកល រួមទាំងកម្ពុជា កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួនក៏ដោយ។ តួយ៉ាង កាលពីឆ្នាំ ២០២៥ ទីផ្សារមូលបត្រកម្ពុជា នៅតែរក្សាបាននូវភាពធន់ និងស្ថិរភាព ដោយសម្ទុះទីផ្សារបានកើនឡើង ២,៥% ដែលនេះ ជាសញ្ញាវិជ្ជមានក្នុងការទាក់ទាញក្រុមហ៊ុនថ្មីៗឱ្យមកចុះបញ្ជីបន្ថែមទៀត។
ផ្សារមូលបត្រកម្ពុជា
ដោយ

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ជឿជាក់ថា ប្រសិនបើស្ថាប័នរដ្ឋ និងឯកជនបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដូចបច្ចុប្បន្ន នោះ ការកៀរគរទុនពីផ្សារមូលបត្រកម្ពុជានឹងអាចឈានដល់១ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២៦។ បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ មកដល់ពេលនេះ មានក្រុមហ៊ុនជាច្រើនកំពុងដាក់សំណើសុំបោះផ្សាយលក់មូលបត្របំណុលជាបន្ដបន្ទាប់ក្នុងទំហំជិត ៥០លានដុល្លារ។

​ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះមានក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ចំនួន២៧ក្រុមហ៊ុន ដោយក្នុងនោះ មាន១២ក្រុមហ៊ុន បានចុះបញ្ជីជាភាគហ៊ុន និង១៥ក្រុមហ៊ុន ចុះបញ្ជីជាសញ្ញាបណ្ណ ដោយកៀរគរទុនវិនិយោគសរុបបានចំនួន ៧០៣លានដុល្លារអាម៉េរិក។ ឯកឧត្តមជឿជាក់ថា នៅក្នុងឆ្នាំ២០២៦ នឹងមានក្រុមហ៊ុនមកចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលកាន់តែច្រើនបន្ថែមទៀត។

​ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានចាត់ទុកវិស័យឯកជនជាប្រភពទុន និងជាចលករដ៏សំខាន់ក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារដល់ប្រជាពលរដ្ឋ។

​សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២៦នេះ ផ្សារមូលបត្រកម្ពុជា ទើបតែបានទទួលក្រុមហ៊ុនចុះបញ្ជីថ្មីមួយទៀត គឺ ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ ដែលបានសម្រេចបោះផ្សាយមូលបត្របំណុលជាផ្លូវការរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ ៤៩លានដុល្លារ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សា ប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាប្រមូលធាតុចូលសម្…

អ្នកជំនាញកត់សម្គាល់ឃើញថា ជនជាតិចិន សម្រុកចាកចេញពីកម្ពុជា នាពេលចុងក្រោយនេះ ក្រោយមានការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមអនឡាញ

ក្រោយរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើយុទ្ធនាការបង្ក្រាបករណីឆបោកតាមអនឡាញយ៉ាងក្ដៅ គគុកនោះ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានជនបរទេស ពិសេសជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ