វិស័យអចលនទ្រព្យ

តើរដ្ឋាភិបាល គួរអនុវត្ត ឬពន្យារពេលការយកពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យបន្តទៀត ឬយ៉ាងណា?


បើគ្មានការប្រែប្រួលទេ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តការយកពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ បន្ទាប់ពីបានពន្យារពេលអនុវត្តជាបន្តបន្ទាប់អស់ជាច្រើនឆ្នាំកន្លងមកនេះ។ ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ យល់ឃើញថា រាជរដ្ឋាភិបាល គួរពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនចំពោះវិស័យអចលនទ្រព្យបន្តទៀត ដោយសារមកទល់ពេលនេះវិស័យនេះនៅមិនទាន់មានភាពល្អប្រសើរ គួបផ្សំស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅកម្ពុជា បន្តស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ។
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអិល និងជាអ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យ យល់ឃើញថា ស្របពេលស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដប្រជា ហើយទីផ្សារអចលនទ្រព្យកំពុងស្ថិតក្នុងសភាពទ្រឹងផងនោះ រដ្ឋាភិបាលកម្ពុជា គួរពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យមួយឆ្នាំបន្ថែមទៀត។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើរាជរដ្ឋាភិបាលពន្យារពេលអនុវត្ត១ឆ្នាំទៀត វាអាចជាពេលវេលាសមស្របសម្រាប់ស្ថានការណ៍បច្ចុប្បន្ន ព្រោះមកដល់ពេលនេះទីផ្សារទិញលក់អចលនទ្រព្យនៅពុំទាន់មានភាពល្អប្រសើរនៅឡើយទេ។

​មិនខុសគ្នានោះទេ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ស្ថិតស្ថានភាពបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា គួរពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យបន្តទៀត ព្រោះទីផ្សារក្នុងវិស័យនេះពុំទាន់មានភាពល្អប្រសើរនៅឡើយទេ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើរាជរដ្ឋាភិបាល អនុវត្តការយកពន្ធនៅឆ្នាំក្រោយ នោះនឹងធ្វើឱ្យវិស័យនេះជួបបញ្ហាប្រឈមថែមមួយកម្រិតទៀត។ យ៉ាងណាមិញ លោក ស្នើដល់រដ្ឋាភិបាលកម្ពុជា ឱ្យពន្យារពេលអនុវត្តពន្ធនេះពី២ទៅ៣ឆ្នាំបន្ថែមទៀត ដើម្បីផ្តល់ឱកាសរីកចម្រើនរបស់វិស័យនេះ។

​ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត កត់សម្គាល់ឃើញថា មកដល់ពេលនេះវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាពុំទាន់មានភាពល្អប្រសើរដូចមុននៅឡើយទេ និងកំពុងមានបញ្ហាប្រឈមជាបន្តបន្ទាប់។ ការណ៍នេះ លោកយល់ថា រដ្ឋាភិបាលគួរមានការពន្យារពេលមួយរយៈទៀតក្នុងការយកពន្ធលើចំណេញមូលធនចំពោះវិស័យអចលនទ្រព្យ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើរាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២៦ នោះវានឹងធ្វើឱ្យអ្នកពាក់ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យមានការប្រុងប្រយ័ត្នជាងមុនក្នុងការវិនិយោគ។

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ដែលសម្រេចបានពីការលក់ ឬផ្ទេរទ្រព្យចំនួន៥ប្រភេទ រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេសចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ ដោយឡែកពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ ពន្ធលើចំណេញមូលធន មានវិសាលភាពកំណត់ការយកពន្ធលើចំណេញមូលធនចំពោះតែរូបវន្តបុគ្គលនិវាសនជន និង អនិវាសនជនក្នុងអត្រា ២០% នៃចំណេញមូលធន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

(ទីក្រុងណាននីង)៖ ក្នុងអំឡុងពេលអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Han Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

(ទីក្រុងណាននីង)៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម វង្សី វិស្សុត ឧ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ