តម្លៃគ្រាប់ស្វាយចន្ទី

តើការកើនឡើងតម្លៃគ្រាប់ស្វាយចន្ទី និងដើមកូនស្វាយចន្ទី អាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម និងការជំរុញការដាំដុះស្វាយចន្ទីក្នុងស្រុកដែរ ឬទេ?


តម្លៃគ្រាប់ស្វាយចន្ទីនៅតែរក្សាបានស្ថិរភាពល្អប្រសើរនៅលើទីផ្សារនៅក្នុងរយៈពេលចុងក្រោយនេះ ដោយអាចលក់បានលើសពី៥ពាន់រៀលក្នុង១គីឡូក្រាម។ ការរក្សាបានស្ថិរភាពទីផ្សារល្អប្រសើរនេះ កំពុងធ្វើឱ្យតម្រូវការកូនពូជស្វាយចន្ទីសម្រាប់ដាំដុះមានការកើនឡើង ខណៈនៅតាមចម្ការមួយចំនួនត្រូវដល់អាយុកាលកាប់ចេញ និងដាំដុះឡើងវិញ។ ប៉ុន្តែការឡើងថ្លៃកូនស្វាយចន្ទីទ្វេដងកំពុងបង្កក្ដីបារម្ភដល់កសិករ និងការហូរចូលពូជស្វាយចន្ទីពីបរទេស ដែលអាចឱ្យពូជស្វាយចន្ទីដែលផលិតក្នុងស្រុករងផលប៉ះពាល់។
តម្លៃគ្រាប់ស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថា ការក្សាបានស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទីឆៅល្អប្រសើររបស់កម្ពុជា នៅឆ្នាំនេះ គឺដោយសារបណ្ដាប្រទេសនៅអាហ្រ្វិកខាងលិចដូចជា កូឌីវ័រ និងប្រទេស Burkina Faso បានដាក់ពន្ធ និងបិទការនាំចេញគ្រាប់ស្វាយចន្ទី ដើម្បីទ្រទ្រង់ដល់ការកែច្នៃក្នុងស្រុក ដែលធ្វើឱ្យចរន្តនៃការហូរចេញគ្រាប់ស្វាយចន្ទីឆៅមានការថយចុះ។ ការរក្សាបានតម្លៃគ្រាប់ស្វាយចន្ទីឆៅខ្ពស់វាជារឿងល្អសម្រាប់អ្នកដាំ តែវាអាចធ្វើឱ្យប៉ះពាល់ដល់ផលចំណេញរបស់អ្នកកែច្នៃ ដោយសារថ្លៃដើមផលិតខ្ពស់ជាងមុន តែមិនធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនោះទេ។

បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមរូបនេះ ទន្ទឹមនឹងតម្លៃគ្រាប់ស្វាយចន្ទីមានភាពល្អប្រសើរ ដើមកូនស្វាយចន្ទីនៅឆ្នាំនេះ ក៏មានការកើនឡើងផងដែរ ពោលគឺតម្លៃកូនស្វាយចន្ទីបានឡើងដល់ចន្លោះពី៣,០០០រៀលទៅ៣,៥០០រៀលក្នុង១ដើម ខណៈកាលពីមុនអាចលក់បានចន្លោះពី១,៥០០រៀលទៅ២,០០០រៀលក្នុង១ដើមតែប៉ុណ្ណោះ។ ការឡើងថ្លៃនេះ គឺស្របពេលទីផ្សារគ្រាប់ស្វាយចន្ទីនៅក្នុងឆ្នាំនេះ មានស្ថិរភាពល្អ និងមានចម្ការស្វាយចន្ទីមួយចំនួនដល់អាយុកាលត្រូវកាប់ និងដាំដុះឡើងវិញ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កត្តាដែលធ្វើតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា មានភាពល្អប្រសើរ ដោយសារនៅឆ្នាំនេះ ប្រទេសកូឌីវ័រ ដែលជាអ្នកផលិតគ្រាប់ស្វាយចន្ទីធំមួយនៅលើពិភពលោកបានរឹតបន្តឹងលើការនាំចេញគ្រាប់ស្វាយចន្ទី ជាហេតុធ្វើឱ្យប្រទេសមួយចំនួនពិបាកក្នុងការទិញគ្រាប់ឆៅយកមកកែច្នៃ ដែលជំរុញឱ្យប្រទេសក្បែរខាងកម្ពុជា ងាកមកបញ្ជាទិញពីកម្ពុជា កាន់តែច្រើន។ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ហាក់បារម្ភចំពោះរោងចក្រកែច្នៃនៅកម្ពុជា ជួបផលវិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ប្រសិនបើតម្លៃគ្រាប់ឆៅឡើងខ្ពស់ពេក។ ពាក់ព័ន្ធការឡើងថ្លៃដើមកូនស្វាយចន្ទី ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា អាចដោយសារការងាកពីការដាំផ្សេងមកដាំស្វាយចន្ទីរបស់កសិករមួយចំនួន ដែលកត្តានេះធ្វើឱ្យឯកឧត្តមមានការព្រួយបារម្ភចំពោះការលក់ពូជស្វាយចន្ទី M23 មិនសុទ្ធ ដែលធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្វាយចន្ទី។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការប្រជែងគ្នារវាងអ្នកទិញគ្រាប់ស្វាយចន្ទីសើមដើម្បីនាំចេញ និងអ្នកប្រមូលស្តុកទុកដើម្បីកែច្នៃក្នុងស្រុកក្នុងពេលដំណាលគ្នាក្នុងឆ្នាំនេះ បានរុញឱ្យថ្លៃកើនឡើង តែនេះគឺជារឿងធម្មតានៃយន្តការសេដ្ឋកិច្ចទីផ្សារសេរី ហើយក៏ជារឿងដែលគួរឱ្យត្រេកអរសម្រាប់កសិករ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ មួយផ្នែកនៃផលវិជ្ជមាននេះកើតចេញពីគោលនយោបាយគាំទ្រការកែច្នៃនៅក្នុងស្រុក ហើយកម្ពុជា គ្មានហេតុផលអ្វីត្រូវព្រួយបារម្ភពីសមត្ថភាពប្រកួតប្រជែងខាងផ្នែកថ្លៃដើមនៅលើទីផ្សារនាំចេញឡើយ ព្រោះថា ទីផ្សារកែច្នៃរបស់ប្រទេសដទៃ ក៏ត្រូវពឹងផ្អែកលើវត្ថុធាតុដើមដែលមានប្រភពចេញពីកម្ពុជា ដូចគ្នាដែរ។ ម្យ៉ាងវិញទៀត គ្រាប់ស្វាយចន្ទីមិនមែនជាប្រភេទកសិផលដែលបម្រើឱ្យសន្តិសុខស្បៀងនោះទេ បើលក់កាន់តែបានថ្លៃគឺកាន់ប្រសើរសម្រាប់វិស័យកសិកម្ម។

ពាក់ព័ន្ធនឹងការឡើងថ្លៃកូនស្វាយចន្ទីនេះដែរ សមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវដល់ម្ចាស់កសិដ្ឋានបណ្តុះកូនចន្ទីឱ្យរក្សាតម្លៃដដែល ដើម្បីផ្តល់ឱកាសដល់កសិករដែលដាំដុះស្វាយចន្ទីថ្មីលើដីចម្ការចាស់។ បើតាមសមាគម ការឡើងថ្លៃកូនស្វាយចន្ទី អាចមានគុណវិបត្តិកើតឡើង ព្រោះជនឆ្លៀតឱកាស នឹងបង្ហូរពូជស្វាយចន្ទីមិនមែនជារបស់កម្ពុជា ចូលមកលក់ក្នុងតម្លៃធូរថ្លៃ ដើម្បីធ្វើវិច្ឆេទកម្មទីផ្សារកូនចន្ទីកម្ពុជា។

សូមបញ្ជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅមួយរយៈចុងក្រោយនេះ ហាក់មានស្ថិរភាពល្អប្រសើរ ពោលគឺនៅតែអាចរក្សាបានតម្លៃលើស៥,០០០រៀល ក្នុង១គីឡូក្រាម ដែលអាចផ្តល់ប្រាក់ចំណេញដល់កសិករ។ គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


អ្នកចិញ្ចឹមគោរំពឹងការផ្អាកការនាំចូលសត្វពាហនៈ និងសាច់សត្វពីថៃ ជួយជំរុញតម្លៃសត្វគោឱ្យកាន់តែមានភាពល្អប្រសើរ

កម្ពុជា បានសម្រេចហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីគ្រប់ច្រកព្រំដែនថៃ ទាំងអស់ ជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងជំងឺឈាមខ្មៅ ឬអ…

ផ្លែដូងនឹងឡើងថ្លៃទូទាំងតំបន់អាស៊ី ក្រោយបញ្ហាអាកាសធាតុ និងសត្វល្អិតធ្វើឱ្យប៉ះពាល់ដល់ទិន្នផលដូង

អ្នកដាំដូងអាចនឹងត្រូវប៉ាន់ខ្លាំង ក្រោយមានការវាយតម្លៃថា តម្លៃផ្លែដូងនឹងហក់ឡើងខ្ពស់នៅទូទាំងទ្វីបអាស៊ីនៅឆ្នាំនេះ ដោយសារទិន្នផលដូងនៅតាមបណ្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ