ស្វាយចន្ទី

ផលិតផលគ្រាប់ស្វាយចន្ទីខេត្តកំពង់ធំ នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាពេលឆាប់ៗនេះ


រាជរដ្ឋាភិបាល បានដាក់មហិច្ឆតាប្រែក្លាយកម្ពុជា ជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ស្របតាមចក្ខុវិស័យនេះ សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងរៀបចំដាក់ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ទៅជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ។ សមាគមស្វាយចន្ទីកម្ពុជា រំពឹងថា ក្រោយគ្រាប់ស្វាយចន្ទីរបស់ខេត្តកំពង់ធំ ចូលជាផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ វានឹងជួយជំរុញការបង្កើនតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីនិងសក្តានុពលនាំចេញផងដែរ។
ស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា វិស័យស្វាយចន្ទីកម្ពុជា ​កំពុងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការទទួលបានឋានៈ ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) សម្រាប់គ្រាប់ស្វាយចន្ទីដែលដាំដុះនៅក្នុងខេត្តកំពង់ធំ តួយ៉ាងនាពេលថ្មីៗនេះ សមាគមស្វាយចន្ទីកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំស្តីពី ការកំណត់ភូមិសាស្ត្រទំនិញ ដែលត្រូវបានរៀបចំឡើងដោយ​អង្គការស្បៀងអាហារពិភពលោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលដៅរួម ដើម្បីដាក់គ្រាប់ស្វាយចន្ទីខេត្តកំពង់ធំ ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ ដែលមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះ ក្នុងកិច្ចប្រជុំ បានរៀបចំការពិគ្រោះយោបល់ស៊ីជម្រៅនៅមូលដ្ឋានក្នុងខេត្តកំពង់ធំ ជាមួយភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៃខ្សែច្រវាក់តម្លៃរបស់ផលិតផលសម្គាល់ភូមិសាស្ត្រ ដើម្បីជំរុញការបង្កើត សមាគមសម្គាល់ភូមិសាស្ត្រទំនិញ ជាមុនសិន និងបន្ដសិក្សាអំពីយុទ្ធសាស្រ្តបច្ចេកទេសក្នុងការជំរុញការចុះបញ្ជីផលិតផលគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ ជាម៉ាកសម្គាល់ភូមិសាស្រ្តឱ្យបានឆាប់។

បើតាម លោក អួន ស៊ីឡុត នៅពេលដែលគ្រាប់ស្វាយចន្ទីរបស់ខេត្តកំពង់ធំ ទទួលបានឋានៈជា ផលិតផល GI នោះវានឹងផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ឧស្សាហកម្មគ្រាប់ស្វាយចន្ទីរបស់ខេត្តកំពង់ធំ ដែលអាចជំរុញការបង្កើនតម្លៃទីផ្សារផលិតផល និងសក្តានុពលនាំចេញ ក៏ដូចជារក្សាចំណេះដឹងកសិកម្មតាមបែបប្រពៃណី រួមចំណែកដល់ការអភិវឌ្ឍន៍ជនបទ ដោយការពារផលិតផលក្នុងស្រុក និងផ្តល់អំណាចដល់អ្នកផលិតតាមរយៈម៉ាកសមូហភាព។

​របាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា គិតមកទល់ពេលនេះ ផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៨មុខ ដោយក្នុងនោះរួមមាន ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ, និងទឹកត្រីកំពតកែប និងប្រហុកសៀមរាប។

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែង និងតម្លៃបន្ថែមផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍៕




អត្ថបទបន្ទាប់


អ្នកជំនាញកសិកម្មជំរុញឱ្យកសិករហាលសម្ងួតពោតក្រហមទុកសិន និងបញ្ចេញលក់សន្សឹមៗ ដ្បិតតម្លៃនៅបន្ដធ្លាក់ចុះ

អ្នកជំនួញ និងជាអ្នកជំនាញកសិកម្មដ៏ធំនៅកម្ពុជា ឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងថា ស្របពេលដែលតម្លៃពោតក្រហមនៅតែបន្ដធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ កសិក…

សភាថៃ បោះឆ្នោតអនុម័តកញ្ចប់ថវិកាជាតិ ១១៧ ពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដារសេដ្ឋកិច្ច ដែលកំពុងដុនដាប

កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា សភាជាន់ទាបរបស់ប្រទេសថៃ បានអនុម័តកញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណ ១១៧ ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំសារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ