វិស័យដំឡូងមី

ហេតុអ្វីដំឡូងមីនៅខេត្តជាប់ព្រំដែនវៀតណាម មានតម្លៃថ្លៃជាងខេត្តជាប់ព្រំដែនថៃ?


នាពេលថ្មីៗនេះ តម្លៃដំឡូងមីស្រស់នៅក្នុងខេត្តមួយចំនួនជាប់ព្រំដែនប្រទេសវៀតណាមត្រូវបានឈ្មួញប្រមូលទិញក្នុងតម្លៃចន្លោះពីជាង៣០០រៀលទៅជាង៤០០រៀលក្នុង១គីឡូក្រាម ខណៈដំឡូងមីនៅតាមបណ្ដាខេត្តមួយចំនួនជាប់ព្រំដែនថៃវិញ ត្រូវបានឈ្មួញទិញក្នុងតម្លៃជាង២០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ តម្លៃនេះមានការខុសគ្នាជិតពាក់កណ្ដាល ដែលធ្វើឱ្យមានការចោទជាសំណួរថា ហេតុអ្វីបានជាដំឡូងមីនៅខេត្តជាប់ព្រំដែនវៀតណាម មានតម្លៃខ្ពស់ជាងខេត្តជាប់ព្រំដែនថៃ?
វិស័យដំឡូងមី
ដោយ

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានអះអាងថា តម្លៃដំឡូងមីនៅតំបន់មួយចំនួនមានការកើនឡើង តែតំបន់ខ្លះតម្លៃហាក់នៅទ្រឹង។ ជាក់ស្ដែងដំឡូងមីស្រស់នៅខេត្តកំពង់ចាម ជាប់ព្រំដែនជាមួយប្រទេសវៀតណាម អាចលក់បានរហូតដល់ជាង៤៦០រៀលក្នុង១គីឡូក្រាម ខណៈដំឡូងមីនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ មួយចំនួនដូចជាឧត្តរមានជ័យ និងខេត្តប៉ៃលិនជាដើម អាចលក់តម្លៃជាមធ្យមប្រមាណ២២០រៀលក្នុង១គីឡូក្រាម ដោយទាបជាងបណ្ដាឆ្នាំមុនៗ។ លោកបានគូសបញ្ជាក់ថា តម្លៃដ៏ទាបនៅភាគខាងលិចនេះ អាចបណ្តាល​មកពីឈ្មួញកណ្តាលយកប្រាក់ចំណេញច្រើនហួសហេតុ ដោយមិនបានគិតគូរដល់ការលំបាករបស់កសិករ។ តែយ៉ាងណាលោកជឿជាក់ថា គោលនយោបាយដំឡូងមីជាតិ នឹងជួយសម្របសម្រួលបញ្ហានេះឱ្យប្រសើរឡើងក្នុងពេលឆាប់ៗ។

​ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មូលហេតុដែលតម្លៃដំឡូងមីនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ មានតម្លៃទាបជាងបណ្ដាខេត្តផ្សេងៗអាចដោយសារតែការដឹកជញ្ជួនមានចម្ងាយឆ្ងាយ និងម្យ៉ាងទៀតដោយសារឈ្មួញយកប្រាក់ចំណេញច្រើនពេក។ បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងពាណិជ្ជកម្មកំពុងខិតខំទាក់ទាញវិនិយោគិនឱ្យមកបង្កើតរោងចក្រកែច្នៃម្សៅមីនៅខេត្តភាគខាងលិចផ្ទាល់តែម្តង ដើម្បីកាត់បន្ថយការនាំចេញដំឡូងមីស្រស់ និងបង្កើនតម្លៃបន្ថែមដល់កសិករ។

​ដោយឡែក ប្រធានសហព័ន្ធដំឡូងមីកម្ពុជា កាលពីពេលថ្មីៗបានដាស់តឿន និងជំរុញឱ្យកសិករខ្មែរពង្រឹងគុណភាពផលិតដំឡូងមី ដើម្បីចៀសវាងការកាត់ភាគរយពីសំណាក់អ្នកទិញ និងដើម្បីថែរក្សាមុខមាត់កសិករខ្មែរនៅលើឆាកអន្តរជាតិ។ ការជំរុញនេះធ្វើឡើងស្របពេលដែលភាគីវៀតណាម គ្រោងចាប់ផ្តើមរឹតបន្តឹងលើសុវត្ថិភាពចំណីអាហារ ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការនាំចេញ។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មនៅពេញមួយឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង៦៥៦លានដុល្លារពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារអន្តរជាតិ និងបានសម្របសម្រួលចុះ MoU និងកិច្ចសន្យាទិញ-លក់ដំឡូងមីប្រមាណ១០លានតោនសម្រាប់នាំចេញទៅទីផ្សារចិន និងវៀតណាមផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ស្ថានីយផលិតអគ្គិសនីដើរដោយខ្យល់តម្លៃ២០០លានដុល្លានឹងផុសត្រដែតឡើងនៅខេត្តមណ្ឌលគិរី

កម្ពុជា បានឈានជើងមួយជំហានដ៏ធំមួយទៀតក្នុងវិស័យថាមពលស្អាត បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងស្ថានីយផលិតអគ្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ