ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះអាជ្ញាធរវៀតណាម បានអនុញ្ញាតឱ្យរថយន្តដឹកដំឡូងមីរបស់កម្ពុជា អាចឆ្លងកាត់ចូលទៅកាន់រោងចក្រនៅក្នុងប្រទេសវៀតណាមបានដូចដើមវិញជាបណ្ដោះអាសន្ន។ បើតាមប្រធានសហព័ន្ធរូបនេះ អាជ្ញាធរវៀតណាមនឹងចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងភូតគាមអនាម័យនៅក្រោយពិធីបុណ្យចូលឆ្នាំចិន។ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា នេះជាការដាស់តឿនមួយសម្រាប់កសិករ និងឈ្មួញកណ្ដាល ដែលត្រូវតែលះបង់ទម្លាប់ចាស់ចោលជាបន្ទាន់ ដោយងាកមកផលិត និងនាំចេញឱ្យស្របតាមស្ដង់ដាបច្ចេកទេស។ បើតាមឧកញ៉ា ច្រាយ សុន ដំឡូងមីស្រស់របស់កម្ពុជា ត្រូវបានឈ្មួញវៀតណាម ដំឡើងថ្លៃដល់៤៦០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃល្អមួយសម្រាប់កសិករ។
សូមបញ្ជាក់ថា នាពេលពេលថ្មីៗនេះ រថយន្តដឹកដំឡូងមីរបស់កម្ពុជា បានកកស្ទះនៅតាមច្រកព្រំដែនកម្ពុជា-វៀតណាម ដោយសារតែអាជ្ញាធរវៀតណាម បានអនុវត្តអនុក្រឹត្យ ស្ដីពី សុវត្ថិភាពចំណីអាហារដោយគ្មានការជូនដំណឹងមកកម្ពុជា ក្រោយឈ្មួញវៀតណាម រកឃើញដំឡូងមីនាំចូលពីកម្ពុជា មិនមានគុណភាព ដោយសារមានលាយដី និងគ្រួស ស្របពេលកើតមានការរាតត្បាត នៃជំងឺឆ្លងមួយចំនួនជាដើម។
បើតាមការអះអាងរបស់លោកឧកញ៉ា ច្រាយ សុន ក្រៅពីវៀតណាម កម្ពុជា កំពុងធ្វើពិពិធកម្មទីផ្សារដំឡូងមី ដោយមិនពឹងផ្អែកលើទីផ្សារតែមួយនោះទេ ខណៈបច្ចុប្បន្នមានប្រទេសជាច្រើនកំពុងសិក្សា និងត្រៀមបញ្ជាទិញដំឡូងមីកម្ពុជាក្នុងបរិមាណជាង១៥លានតោននាពេលខាងមុខ។ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង៦៥៦លានដុល្លារពីការនាំចេញដំឡូងមីទៅទីផ្សារអន្តរជាតិ និងបានសម្របសម្រួលចុះ MoU និងកិច្ចសន្យាទិញ-លក់ដំឡូងមីប្រមាណ១០លានតោន សម្រាប់នាំចេញទៅទីផ្សារចិន និងវៀតណាមផងដែរ៕
អត្ថបទ៖ បូ ដូឡា