
លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ កត់សម្គាល់ឃើញថា ការវិនិយោគលើការកែច្នៃក្នុងវិស័យកសិកម្មនៅកម្ពុជា នាពេលបច្ចុប្បន្ននៅមានកម្រិតតិចតួចនៅឡើយ និងទាមទារឱ្យមានការចូលរួមពីអ្នកមានធនធានបន្ថែមទៀត។ តែយ៉ាងណាអ្នកជំនាញរូបនេះលើកឡើងថា ការចូលរួមតិចតួចរបស់អ្នកមានធនធានក្នុងការវិនិយោគលើវិស័យកសិកម្មនេះ អាចដោយសារតែពួកគេខ្វះខាតនូវការជួយជ្រោមជ្រែងពីស្ថាប័នពាក់ព័ន្ធ។ ការណ៍នេះ ត្រូវបានលោក ច័ន្ទ សុផល លើកឡើងថា ប្រសិនបើរដ្ឋាភិបាលជួយជំរុញឱ្យមានការចងសម្ពន្ធភាពរវាងវិស័យឯកជនជាមួយកសិករនោះ នឹងធ្វើឱ្យវិស័យកសិកម្មកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ការលើកឡើងបែបនេះរបស់លោក ច័ន្ទ សុផល ធ្វើឡើងក្នុងវេទិកាស្តីពី«មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងវិនិយោគ ២០២៥» ដែលរៀបចំដោយសារព័ត៌មានខេមបូណូមីស ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប។
ស្រដៀងគ្នានេះ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ កត់សម្គាល់ឃើញថា កម្ពុជា ជាប្រទេសដែលមានសក្ដានុពលលើវិស័យកសិកម្ម ប៉ុន្តែការកែច្នៃផលិតផលនៅក្នុងវិស័យនេះ នៅមានកម្រិតនៅឡើយ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យវិស័យកសិកម្មរបស់កម្ពុជា មានការរីកចម្រើនបានលុះណាតែមានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក និងការកែច្នៃដោយផ្ដោតលើគុណភាព ដើម្បីបង្កើនតម្លៃបន្ថែមនៅលើទីផ្សារ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង ស្រេង អ៊ិនធឺណេសិនណល និងជាអ្នកជំនួញក្នុងវិស័យកសិកកម្មដ៏ល្បីល្បាញមួយរូបកត់សម្គាល់ឃើញថា ការធ្វើកសិកម្មរបស់កម្ពុជា នៅតែមានបញ្ហាប្រឈម ដោយសារកសិករត្រូវចំណាយលើថ្លៃដើមខ្ពស់ ក្នុងនោះក៏មានទាំងថ្លៃដឹកជញ្ជូនផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ វិស័យកសិកម្មត្រូវការការលើកទឹកចិត្តបន្ថែមទៀតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កសិករ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ការផលិតកសិផលនៅកម្ពុជា សម្រេចបានចំនួន៣៩លានតោនកើនឡើងជាង២,៧លានតោន បើធៀបនឹងឆ្នាំ២០២៣។ នៅក្នុងចំណោមកសិផលទាំងនេះបរិមាណផលស្រូវទទួលបានជាង១៣លានតោន កើនលើសឆ្នាំ២០២៣ ចំនួន១,៤លានតោន។ ជាមួយគ្នានេះ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង១១លានតោន កើនលើសឆ្នាំ២០២៣ ជាង៣លានតោន ដោយរកចំណូលបានជាង៤ពាន់៧រយលានដុល្លារកើនឡើង១៤៣លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣៕
អត្ថបទ៖ បូ ដូឡា