វិស័យទេសចរណ៍

តើកម្ពុជា ត្រូវកែលម្អ និងដោះស្រាយបញ្ហាប្រឈមអ្វីខ្លះដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត?


ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នៅមួយរយៈពេលចុងក្រោយមានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ បន្ទាប់ពីវិស័យនេះ បានរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិសកលនានា។ ទោះបីលំហូរភ្ញៀវទេសចរបរទេសបានបង្ហាញពីភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែវិស័យនេះនៅតែជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការដោះស្រាយពីភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន។ តើកម្ពុជា ត្រូវកែសម្រួល និងដោះស្រាយបញ្ហាប្រឈមអ្វីខ្លះ ដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានភាពរឹងមាំ និងល្អប្រសើរ?
វិស័យទេសចរណ៍
ដោយ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួនក្នុងការស្រូបទាញភ្ញៀវទេសចរបរទេស។ បញ្ហាប្រឈមទាំងនោះ រួមមានការភ្ជាប់កញ្ចប់ទេសចរមិនទាន់មានភាពទូលំទូលាយ មធ្យោបាយដឹកអ្នកដំណើរតាមផ្លូវអាកាស និងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទៅកាន់ពិភពលោកនៅមានកម្រិត។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើបញ្ហាប្រឈមទាំងនេះមិនត្រូវបានដោះស្រាយទេនោះ វិស័យទេសចរណ៍របស់កម្ពុជានឹងបន្តជាប់គាំងមិនអាចរីកចម្រើនបាននោះទេ។

​ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ទទួលស្គាល់ថា កន្លងមកការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា នៅមានកម្រិតនៅឡើយដែលទាមទារឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀតទាំងតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយដោយផ្ទាល់។ បញ្ហាកង្វះការតភ្ជាប់មធ្យោបាយដឹកជញ្ជូនដោយផ្ទាល់ជាមួយបណ្តាប្រទេសផ្សេងៗ ក៏ជាកត្តាសំខាន់មួយធ្វើឱ្យភ្ញៀវទេសចរមានការរារែកក្នុងការមកលេងកម្សាន្តនៅកម្ពុជា ផងដែរ។ នេះបើតាមការអះអាងរបស់លោកជំទាវ ឆាយ ស៊ីវលីន ដែលរំពឹងថា ភ្ញៀវទេសចរនឹងធ្វើដំណើរមកកម្សាន្តនៅកម្ពុជា កាន់តែច្រើននៅពេលបញ្ហាប្រឈមទាំងនេះត្រូវបានដោះស្រាយ។

​លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា ហាក់ពឹងផ្អែកខ្លាំងលើកញ្ចប់ទេសចរពីប្រទេសជិតខាងដែលជាហេតុធ្វើឱ្យកម្ពុជា បាត់បង់ឱកាសប្រកួតប្រជែង និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានាទៅកាន់ភ្ញៀវទេសចរបរទេសដោយផ្ទាល់។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជា នៅតែមានសក្តានុពលខ្ពស់ក្នុងការស្រូបទាញភ្ញៀវទេសចរបរទេស តាមរយៈការរៀបចំឱ្យមានតំបន់ទេសចរណ៍បែបវប្បធម៌ និងសាសនានៅតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងប្រាសាទបុរាណនានា។

​បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ​ ប្រមាណជាង៣លាន៣សែននាក់ កើនឡើងជាង ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កន្លងមករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ យ៉ាងហោចណាស់ពី ៧,២ លាននាក់ ទៅ ៧,៥ លាននាក់នៅឆ្នាំ២០២៥នេះ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើពន្ធគយ ១៩% អាចជះឥទ្ធិពលកម្រិតណាដល់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក?

សហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះអត្រាពន្ធគយបដិការលើទំនិញនាំចូលពីកម្ពុជា មកនៅត្រឹម ១៩% ដែលជាកម្រិតមួយទាបជាងប្រទេសដៃគូប្រកួតប្រជែងមួយចំនួនដ…

តើវិស័យធានារ៉ាប់រងបានដើរតួនាទីសំខាន់យ៉ាងណាខ្លះនៅក្នុងសេដ្ឋកិច្ចកម្ពុជា?

អ្នកជំនាញបានអះអាងថា វិស័យធានារ៉ាប់រងមិនត្រឹមដើរតួនាទីសំខាន់ក្នុងការជួយការពារ និងរក្សាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅពេលមានហានិភ័យផ្សេងៗក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ