ការចោទប្រកាន់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ នៅលើគណនី WeChat ផ្លូវការរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន គឺជាសញ្ញាចុងក្រោយបំផុតដែលបង្ហាញថា ឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ កំពុងក្លាយជាប្រភពថ្មី ដែលអាចធ្វើឱ្យមានភាពរកាំរកូសការទូតរវាងមហាអំណាចផុតលេខទាំងពីរ គឺអាម៉េរិក និងចិន។
ក្រសួងយុត្តិធម៌អាម៉េរិក រួមទាំងអាជ្ញាធរអង់គ្លេស បានចោទប្រកាន់លោក Chen Zi កាលពីខែតុលា ពីបទបង្កើតខ្សែបណ្ដាញបោកប្រាស់តាមអ៊ីនធើណិត និងការលាងលុយកខ្វក់។ រដ្ឋអាជ្ញាសហព័ន្ធអាម៉េរិក ដែលកាន់សំណុំរឿងរបស់លោក Chen Zi បានបដិសេធមិនបង្ហាញពីរបៀប ដែលពួកគេទទួលបានការគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូ bitcoin របស់ប្រធានក្រុមហ៊ុន Prince Group នេះឡើយ។ តម្លៃរូបិយប័ណ្ណគ្រីបតូបានធ្លាក់ចុះជាង១០% ចាប់តាំងពីការប្រកាសរបស់ក្រសួងយុត្តិធម៌អាម៉េរិករឹបអូសយកទ្រព្យឌីជីថល Bitcoin ពីលោក Chen Zi។
ក្រោយអាម៉េរិក និងអង់គ្លេសប្រកាសដាក់ទណ្ឌកម្មរឹបអូសទ្រព្យឌីជីថលរបស់លោក Chen Zi ក៏មានបណ្ដារដ្ឋអំណាចនៃប្រទេស និងដែនដីមួយចំនួន ក៏បានប្រកាសបង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ដែលមានសញ្ជាតិអង់គ្លេសរូបនេះផងដែរ។
យ៉ាងណាក៏ដោយចុះ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រុមហ៊ុន Prince Group បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាង ដែលថា ក្រុមហ៊ុន ឬប្រធានក្រុមហ៊ុនលោក Chen Zi បានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ។ ក្រុមហ៊ុននេះបានចាត់ទុកការចោទប្រកាន់ទាំងនោះថា គ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេស ដើម្បីរឹបអូសទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានដុល្លារពីប្រធានក្រុមហ៊ុនរបស់ខ្លួនតែប៉ុណ្ណោះ៕
អត្ថបទខេមបូណូមីស