ការបង្កើនទិន្នផលធញ្ញជាតិ គឺជាគោលដៅដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិន ខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យខ្សែច្រវាក់ផ្គត់ផ្គង់កំពុងកើនឡើង រួមទាំងការរាំងស្ទះដែលបណ្ដាលមកពីសង្គ្រាមរបស់សហរដ្ឋអាម៉េរិក រួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz ដែលបានជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ជីកសិកម្ម។ ប្រទេសចិន សម្រេចបានទិន្នផលធញ្ញជាតិ ជាង៧០០លានតោនរួចហើយនៅឆ្នាំ២០២៤ ដែលលើសពីគោលដៅ៦៥០លានតោនដែលបានកំណត់មុននេះ។
ដើម្បីឈានទៅសម្រេចគោលដៅថ្មីនេះ ទីក្រុងប៉េកាំង មានគម្រោងពង្រីកគ្រឿងចក្រកសិកម្មទំនើប អភិវឌ្ឍពូជដំណាំ ដែលល្អជាងមុន ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI យន្តហោះដ្រូនកសិកម្ម និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។
ប្រទេសចិន កំពុងប្រើប្រាស់យន្តហោះដ្រូនកសិកម្មជាង៣០០,០០០គ្រឿងរួចទៅហើយ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ហើយកំពុងចាប់ផ្តើមដាក់ពង្រាយមនុស្សយន្ត ឬ Robot ប្រមូលផល ប្រព័ន្ធធារាសាស្រ្តឆ្លាតវៃ និងមនុស្សយន្តដកស្មៅដែលដំណើរការដោយបច្ចេកវិទ្យា AI។ រដ្ឋាភិបាលចិន ក៏ចង់បង្កើនផលិតកម្មសណ្តែកសៀង និងធ្វើពិពិធកម្មការផ្គត់ផ្គង់ស្បៀងអាហារផងដែរ ទន្ទឹមនឹងការប្រឹងប្រែងរក្សាស្ថិរភាពតម្លៃជីកសិកម្ម និងពង្រឹងស្បៀងអាហារបម្រុងរបស់ជាតិ៕
ដោយ: តែម សុខុម