
ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោកបានងាកមកបង្កើនកិច្ចសហប្រតិបត្តិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន កាន់តែខ្លាំង ចាប់តាំងពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសសង្គ្រាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធនាំចូលខ្ពស់កប់ពពកលើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់ខ្លួនទូទាំងពិភពលោកកាលពីដើមឆ្នាំនេះ។
ទោះជាយ៉ាងណា ពន្ធគយមួយចំនួន ជាពិសេសពន្ធគយថ្មីៗត្រូវបានពន្យារពេលអនុវត្តចាប់តាំងពីពេលនោះមក ខណៈដែលប្រទេសចិន និងសហរដ្ឋអាម៉េរិក នៅអំឡុងខែឧសភា នេះបានព្រមព្រៀងគ្នាផ្អាកធ្វើសង្គ្រាមពន្ធគយនេះរយៈពេល៩០ថ្ងៃសិន។
ទីក្រុងហ្សាការតា ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន បានផ្តល់សម្បទានជាច្រើនដល់សហរដ្ឋអាម៉េរិក នៅក្នុងការដេញថ្លៃដើម្បីលួងចិត្តឱ្យសហរដ្ឋអាម៉េរិក មើលឃើញ និងបន្ធូរបន្ថយពន្ធដាក់មកលើប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្ដាថ្នាក់ដឹនាំធុរកិច្ចកាលពីថ្ងៃសៅរ៍ ទី២៤ ខែឧសភា ដែលលោក លី ឈាង មានវត្តមានចូលរួមដែរនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាប៉ូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានលើកឡើងថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងហ្សាការតា គឺជាគន្លឹះសម្រាប់ស្ថិរភាពក្នុងតំបន់ ដោយបន្ថែមថា ឥណ្ឌូនេស៊ី ចាត់ទុកប្រទេសចិន ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា។
ប្រធានាធិបតីឥណ្ឌូនេស៊ី រូបនេះ ក៏បានកោតសរសើរចំពោះតួនាទីរបស់ប្រទេសចិន ក្នុងការការពារផលប្រយោជន៍របស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងជំហររបស់ប្រទេសចិន ប្រឆាំងនឹងចក្រពត្តិនិយម និងអាណានិគមនិយម។
លោក ប្រាប៉ូវ៉ូ ស៊ូប៊ីយ៉ានតូ និងលោក លី ឈាង មានជំនួបពិសេសមួយនៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា ដើម្បីពិភាក្សារិះរកវិធីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌូនេស៊ី និងមហាយក្សចិន។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ បានរាយការណ៍ថា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សាការតា លោក លី ឈាង នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងមហាយក្សចិន (Asean GCC-China Summit)៕
ដោយ: តែម សុខុម