វិស័យថាមពល

ចិន ប្រកាសផ្អាកនាំចេញប្រេងឥន្ធនៈ ដែលបង្កក្តីបារម្ភកាន់តែខ្លាំងសម្រាប់តំបន់អាស៊ី


បណ្តាប្រទេសនៅតំបន់អាស៊ីទំនងជាមិនអាចបន្តពឹងផ្អែកលើការផ្គត់ផ្គង់ប្រេងពីចិន បានទៀតឡើយ បើទោះបីជាគេឃើញនាវាដឹកប្រេងឆៅរបស់ចិន នៅតែបន្តចរាចរណ៍ឆ្លងកាត់តាមច្រកសមុទ្រ Hormuz ក៏ដោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Business Times ប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះ បានប្រកាសដាក់បម្រាមនាំចេញប្រេងឥន្ធនៈគ្រប់ប្រភេទជាបណ្តោះអាសន្ន រហូតដល់ដាច់ខែមីនា ដែលការសម្រេចនេះនឹងធ្វើឱ្យទីផ្សារថាមពលក្នុងតំបន់រងសម្ពាធកាន់តែធ្ងន់ធ្ងរ។
វិស័យថាមពល
ដោយ

​​ចិន ដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេបំផុត និងជាអ្នកនាំចេញផលិតផលប្រេងសម្រេចធំលំដាប់ទី៤ នៅក្នុងទ្វីបអាស៊ី បានប្រកាសជាចំហពីការផ្អាកផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ទីផ្សារក្រៅប្រទេស។ ចិន គឺជាប្រទេសតែមួយគត់ ដែលនៅតែអាចទទួលបានប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមជ្ឈិមបូព៌ា ជាពិសេសពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ មក។

អ្នកវិភាគបានព្រមានថា បម្រាមនាំចេញប្រេង ដែលមានតម្លៃសរុបប្រមាណ២២ពាន់លានដុល្លារក្នុងមួយឆ្នាំរបស់ចិននេះ នឹងធ្វើឱ្យបណ្តាប្រទេស ដែលពឹងផ្អែកលើការនាំចូលប្រេងម៉ាស៊ូត សាំង និងប្រេងយន្តហោះក្នុងតំបន់អាស៊ីដូចជាអូស្ត្រាលី បង់ក្លាដែស និងហ្វីលីពីន នឹងជួបការលំបាក។ បើទោះបីជាកន្លងមក ទីក្រុងប៉េកាំង តែងតែគ្រប់គ្រងការនាំចេញតាមរយៈប្រព័ន្ធកូតាក៏ដោយ ប៉ុន្តែការដាក់បម្រាមទាំងស្រុងនៅពេលនេះ គឺជាបញ្ហាប្រឈមថ្មីសម្រាប់សន្តិសុខថាមពលនៅអាស៊ី។

លោក ហ្សាមៀរ យូសូហ្វ (Zameer Yusof) អ្នកវិភាគនៅក្រុមហ៊ុន Kpler បានលើកឡើងថា តម្រូវការឥន្ធនៈនៅអាស៊ី កំពុងស្ថិតក្នុងភាពរង្គោះរង្គើ ដោយសារអ្នកនាំចេញដែលនៅសល់ក្នុងតំបន់ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញចន្លោះប្រហោង ដែលចិន បានបន្សល់ទុកនោះទេ។ លោកបន្ថែមថា អវត្តមាននៃប្រេងពីចិន នឹងធ្វើឱ្យបរិមាណប្រេងបម្រុងក្នុងតំបន់កាន់តែខើចទៅៗ ដែលនាំឱ្យតម្លៃហក់ឡើងកាន់តែខ្ពស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមីនា តម្លៃប្រេងនៅអាស៊ី បានហក់ឡើងដល់កម្រិតអាសន្នក្នុងប្រេងម៉ាស៊ូត បានកើនឡើងដល់១៥០ដុល្លារក្នុងមួយបារ៉ែល, ប្រេង​យន្តហោះកើនឡើងដល់១៦៣ដុល្លារក្នុងមួយបារ៉ែល និងប្រេងសាំងកើនឡើងដល់១៣៩,៨ដុល្លារក្នុងមួយបារ៉ែល។ ការឡើងថ្លៃស្ទើរតែគុណនឹងពីរនេះ កំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិថាមពលសកល ដែលបង្កឡើងដោយភ្លើងសង្គ្រាម និងការផ្លាស់ប្តូរគោលនយោបាយផ្គត់ផ្គង់ពីមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃនឹងសាងសង់របងព្រំដែនជាប់ជាមួយកម្ពុជា នៅខែក្រោយ ក្រោមហេតុផលដើម្បីការពារសន្តិសុខ

ប្រទេសថៃ នឹងចាប់ផ្តើមសាងសង់របងតាមបណ្តោយព្រំដែនមួយផ្នែកជាប់នឹងប្រទេសកម្ពុជា នៅខែមេសា ខាងមុខ ក្រោមហេតុផលដើម្បីបង្កើនសន្តិសុខ និងសុវត្ថិភាព…

បណ្ដាប្រទេសនៅអាស៊ី សម្រុកដណ្ដើមគ្នាទិញប្រេងរបស់រុស្ស៊ី បន្ទាប់ពីអាម៉េរិក បើកភ្លើងខៀវ

បណ្ដារដ្ឋាភិបាលនៅអាស៊ី កំពុងសម្រុកដណ្ដើមគ្នាទិញប្រេងរុស្ស៊ី យ៉ាងគំហុក បន្ទាប់ពីសហរដ្ឋអាម៉េរិក ដកទណ្ឌកម្មលើប្រេងរុស្ស៊ី ជាបណ្ដោះអាសន្នរយៈពេល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ