រូបិយប័ណ្ណ

ចិន កំពុងសម្លឹងជំរុញប្រាក់យន់ឱ្យក្លាយជារូបិយប័ណ្ណអន្តរជាតិ ក្រោយលោក ត្រាំ ធ្វើឱ្យទំនុកចិត្តលើប្រាក់ដុល្លារអាម៉េរិក ធ្លាក់ចុះ


អាម៉េរិក និងចិន គឺជាមហាអំណាចកំពូលដែលប្រជែងគ្នាយ៉ាងស្វិតស្វាញលើគ្រប់វិស័យដើម្បីដណ្ដើមឥទ្ធិពលរៀងៗខ្លួននៅទូទាំងពិភពលោក មិនថា ផ្នែកការទូត វិទ្យាសាស្ត្រ យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬហិរញ្ញវត្ថុនោះឡើយ។ ជាការពិតណាស់ថា ក្រុមអ្នកជំនាញមើលឃើញថា ខណៈដែលគោលនយោបាយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើប្រាក់ដុល្លារអាម៉េរិក ចិន សម្លឹងឃើញឱកាសដ៏កម្រមួយ ដើម្បីជំរុញប្រាក់យន់ ដែលជារូបិយប័ណ្ណជាតិរបស់ខ្លួនឱ្យក្លាយជារូបិយប័ណ្ណអន្តរជាតិ ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក។
រូបិយប័ណ្ណ
ដោយ

បន្ទាប់ពីការព្យាយាមអស់រយៈពេលជាច្រើនឆ្នាំក្នុងការធ្វើអន្តរជាតិតូបនីយកម្មរូបិយប័ណ្ណលើប្រាក់យន់ ឬការធ្វើឱ្យប្រាក់យន់ក្លាយជារូបិយបណ្ណអន្តរជាតិ ជាមួយនឹងការទទួលបានជោគជ័យតិចតួច ពេលនេះប្រធានាធិបតីចិន លោក ស៊ី ជីនពីង មើលឃើញថា ភាពវឹកវរនៃគោលនយោបាយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក រួមមានបញ្ហាពន្ធគយបដិការខ្ពស់លើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្ម ការវាយប្រហាររបស់លោក ត្រាំ លើធនាគារកណ្តាល​អាម៉េរិក បំណុលកើនឡើង និងការធ្វើសេចក្ដីសម្រេចចិត្តមិនច្បាស់លាស់កពុងធ្វើឱ្យឥទ្ធិពល នៃប្រាក់ដុល្លារអាម៉េរិកចុះខ្សោយ។ ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខណៈដែលបណ្ដាវិនិយោគិនកំពុងងាកទៅវិនិយោគលើមាសកាន់តែខ្លាំងឡើង។

ក្រុមមេដឹកនាំចិនកាលពីពេលថ្មីៗនេះបានបង្ហាញសញ្ញាបន្តបេសកកម្មជំរុញឥទ្ធិពលប្រាក់យន់ឡើងវិញ ដែលប្រាក់យន់ កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងទុនបម្រុងធនាគារកណ្តាលក្នុងពិភពលោក។ ក្រុមអ្នកជំនាញមើលឃើញថា នេះគឺជាពេលវេលាអំណោយផល ដែលទីក្រុងប៉េកាំង មានឱកាសល្អដ៏កម្រដើម្បីជំរុញប្រាក់យន់ឱ្យក្លាយជារូបិយប័ណ្ណអន្តរជាតិ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងបំផ្លាញភាពគួរឱ្យជឿជាក់លើសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញលើកឡើងថា ប្រទេសចិនកំពុងប្រឈមមុខនឹងឧបសគ្គធំៗជាច្រើនរួមមានសេដ្ឋកិច្ចរបស់ខ្លួនកំពុងដុនដាបដោយសារវិបត្តិអចលនទ្រព្យ សម្ពាធអប្បផរណា ទំនុកចិត្តអ្នកប្រើប្រាស់ចុះខ្សោយ ភាពគ្មានការងារធ្វើក្នុងចំណោមយុវជនកើនឡើងខ្ពស់ និងការគ្រប់គ្រងមូលធនយ៉ាងតឹងរ៉ឹង។ បញ្ហាទាំងនេះរួមជាមួយនឹងតម្លាភាពហិរញ្ញវត្ថុមានកម្រិតបានធ្វើឱ្យប្រាក់យន់ របស់ចិន នៅឆ្ងាយពីការត្រៀមខ្លួន ដើម្បីជំនួសប្រាក់ដុល្លារអាម៉េរិកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

ទោះបីជាលោក ដូណាល់ ត្រាំ ដាក់ពន្ធគយខ្ពស់លើទំនិញចិនយ៉ាងណាក្ដី ក៏ប្រទេសចិន បានបង្ហាញអតិរេកពាណិជ្ជកម្មខ្ពស់ឈានដល់កម្រិតកំណត់ត្រាជាមួយសហរដ្ឋអាម៉េរិក ខណៈវិស័យផលិតកម្ម និងកសិកររបស់សហរដ្ឋអាម៉េរិក កំពុងជួបការលំបាក។ ទោះជាយ៉ាងណា ប្រាក់ដុល្លារអាម៉េរិក នៅតែមានឥទ្ធិពល ដោយមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៥៧% នៃទុនបម្រុងអន្តរជាតិទូទាំងពិភពលោក បើធៀបនឹងប្រាក់យន់របស់ចិន ដែលមានត្រឹមតែ២%។

ក្រុមអ្នកជំនាញលើកឡើងថា ដើម្បីឱ្យប្រាក់យន់របស់ចិន អាចប្រកួតប្រជែងជាមួយប្រាក់ដុល្លារអាម៉េរិកបានយ៉ាងពិតប្រាកដ លោក ស៊ី ជីនពីង ត្រូវការកំណែទម្រង់ស៊ីជម្រៅ ដូចជាការបន្ធូរបន្ថយការគ្រប់គ្រងមូលធន ការធ្វើឱ្យប្រាក់យន់ អាចប្តូរបានដោយសេរី ការពង្រឹងស្ថាប័នហិរញ្ញវត្ថុ និងការ

ផ្តល់ឱ្យធនាគារកណ្តាលចិន នូវឯករាជ្យភាពបន្ថែមទៀត។ បើមិនដូច្នេះទេ ទោះបីជាគោលនយោបាយរបស់លោក ដូណាល់ ត្រាំ អាចធ្វើឱ្យឥទ្ធិពលប្រាក់ដុល្លារអាម៉េរិកចុះខ្សោយយ៉ាងណាក្ដី ក៏ប្រទេសចិន នៅតែមិនទាន់អាចត្រៀមខ្លួនរួចរាល់ ដើម្បីជំនួសតំណែងប្រាក់ដុល្លារអាម៉េរិកបាននោះដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាម បំបែកសម្បុកផលិតជីក្លែងក្លាយដ៏ធំមួយ នៅភាគខាងត្បូងប្រទេសវៀតណាម

អង្គភាពស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ចវៀតណាម បានបង្ក្រាបបណ្ដាញផលិតជីក្លែងក្លាយដ៏ធំមួយ កាលពីថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ដោយរឹបអូសបានជីក្លែងក្លាយជាច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ