ទីបញ្ជាការសង្គ្រាមភាគខាងកើតរបស់ចិន បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ខ្លួនបានដាក់ពង្រាយកងកម្លាំងនៅភាគខាងជើង និងភាគពាយព្យនៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធបាញ់វាយប្រហារគ្រាប់ពិតទៅលើគោលដៅលើគោក និងក្នុងសមុទ្រ រួមទាំងធ្វើសមយុទ្ធឡោមព័ទ្ធកំពង់ផែសំខាន់ៗនៅជុំវិញកោះតៃវ៉ាន់ ដោយសមយុទ្ធនេះនឹងបន្តរហូតដល់ថ្ងៃអង្គារ ទី៣០ ខែធ្នូ។
មន្ត្រីសន្តិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ ១រូប បានបង្ហើបឱ្យដឹងថា នាវា និងយន្តហោះចម្បាំងរបស់ចិន រាប់សិបគ្រឿងកំពុងប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ដោយយន្តហោះមួយចំនួនថែមទាំងបានឈ្លានពានដោយចេតនាចូលក្នុងដែនទឹក និងឆ្នេររបស់តៃវ៉ាន់ ហួសចម្ងាយជាង៣៨គីឡូម៉ែត្រពីឆ្នេរសមុទ្រទៀតផង។
សមយុទ្ធលើកនេះ គឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំលើកទី៦របស់ចិន ចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាម៉េរិក លោកស្រី នែនស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ និងកើតឡើងក្រោយចិន បង្កើនការអះអាងពីកម្មសិទ្ធិលើកោះតៃវ៉ាន់ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ បានលើកឡើងថា ការវាយប្រហារណាមួយរបស់ចិន ទៅលើកោះតៃវ៉ាន់ អាចជំរុញឱ្យក្រុងតូក្យូ ឆ្លើយតបខាងយោធា។
ការធ្វើសមយុទ្ធនេះធ្វើឡើងនៅ១១ថ្ងៃក្រោយសហរដ្ឋអាម៉េរិក បានប្រកាសលក់អាវុធតម្លៃជាង១១ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានសម្រាប់កោះនេះ និងបានជំរុញឱ្យមានការតវ៉ាពីក្រសួងការពារជាតិចិន ដែលបានព្រមានថា យោធានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតប។
អ្នកវិភាគបានដាក់ការសង្កេតថា ការធ្វើសមយុទ្ធរបស់ក្រុងប៉េកាំងនេះ កាន់តែមានភាពមិនច្បាស់លាស់ខ្លាំងឡើង ថាតើវាគ្រាន់តែជាការធ្វើសមយុទ្ធយោធាដូចធម្មតា ឬក៏អាចជាការរៀបចំសម្រាប់ការវាយប្រហារណាមួយ ដើម្បីឱ្យសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមានពេលវេលាតិចតួចក្នុងការប្រកាសអាសន្ន៕
អត្ថបទលោក សួន ឡង់ទី, រូបភាពឯកសារ