លោក លីន ជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ២២ ខែធ្នូ បានចេញមកប្រតិកម្មខ្លាំងៗចំពោះប្រទេសជប៉ុន ដោយបានលើកឡើងថា «ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ហើយបានដាក់ពាក្យបណ្តឹងការទូតប្រឆាំងជាមួយភាគីជប៉ុនយ៉ាងពេញទំហឹង» ដោយជំរុញឲ្យជប៉ុន «ឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីកំហុសរបស់ខ្លួន»។
ការចេញមកពន្លះជប៉ុនចំៗពីសំណាក់អ្នកនាំពាក្យក្រសួងការបរទេសចិននេះ បានកើតឡើង ក្រោយពេលដែល មេដឹកនាំកោះតៃវ៉ាន់លោក ឡៃ ឈីងតេ បានបើកទ្វារទទួល លោក កូអ៊ីឈី ហាហ្គីយូដា (Koichi Hagiuda) អគ្គលេខាធិការស្តីទីរបស់គណបក្ស LDP នៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងតៃប៉ិ នៅថ្ងៃចន្ទនេះ ហើយបានជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងទីក្រុងតៃប៉ិ និងទីក្រុងតូក្យូ ដើម្បីជួយរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញវឌ្ឍនភាព«ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហ»។
លោក ឡៃ បាននិយាយថា លោកសង្ឃឹមថា ភាគីទាំងពីរ តៃវ៉ាន់ និងជប៉ុន នឹង «ចាប់ដៃគ្នា រក្សាសាមគ្គីភាព និងគាំទ្រគ្នាទៅវិញទៅមក» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងយុទ្ធសាស្ត្រជាតិ ភាពជាដៃគូក្នុងតំបន់ សន្តិសុខសេដ្ឋកិច្ច និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ លោកបានជំរុញឱ្យភាគីទាំង «ឈរជាមួយគ្នា ដើម្បីកុំឲ្យត្រូវគេរើសអើង »។
ដំណើរទស្សនកិច្ចរបស់លោក Hagiuda បានកើតឡើងនៅពេលដែលទំនាក់ទំនងការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានលើកឡើងកាលពីខែមុនថា ការវាយប្រហារដោយសម្មតិកម្មរបស់ចិនលើកោះតៃវ៉ាន់អាចបង្កឱ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ៕