យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយបានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រើប្រាស់កញ្ចប់ថវិកាជិត២៤ពាន់លានដុល្លារជាទម្រង់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ដើម្បីគាំទ្រដល់ការសាងសង់ និងអភិវឌ្ឍកំពង់ផែចំនួន១៦៨កន្លែងនៅទូទាំង៩០ប្រទេសចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៥។
របាយការណ៍កម្រាស់១៣៣ទំព័រ ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ AidData នៃសាកលវិទ្យាល័យ William & Mary នៅសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា នេះគឺជាការវិនិយោគជាយុទ្ធសាស្ត្ររបស់ចិន ក្នុងគោលបំណងធានានូវភាពរឹងមាំ នៃខ្សែច្រវាក់ផ្គត់ផ្គង់ផ្លូវសមុទ្រសកល និងកាត់បន្ថយហានិភ័យនៃការរាំងស្ទះចរន្តពាណិជ្ជកម្ម ប្រសិនបើមានជម្លោះណាមួយកើតឡើងនាពេលអនាគត។
តាមរយៈការសិក្សារយៈពេល២ទសវត្សរ៍ អ្នកស្រាវជ្រាវបានរកឃើញថា ស្ថាប័នហិរញ្ញវត្ថុ និងម្ចាស់បំណុលរដ្ឋរបស់ចិន បានចូលរួមផ្ដល់ហិរញ្ញប្បទានដល់គម្រោងកំពង់ផែសរុបរហូតដល់ជាង៣៦៣កន្លែងនៅទូទាំងពិភពលោក។ គម្រោងទាំងនោះ រួមមាន ការសាងសង់ថ្មី ការពង្រីកវិសាលភាពកំពង់ផែ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងការផ្គត់ផ្គង់បរិក្ខារបច្ចេកទេសសំខាន់ៗ ដូចជាម៉ាស៊ីនស្កេនសុវត្ថិភាព និងដងស្ទូចខ្នាតធំជាដើម។
ក្រៅពីគោលដៅសេដ្ឋកិច្ច អ្នកស្រាវជ្រាវក៏បានលើកឡើងពីការសង្ស័យលើគម្រោងមួយចំនួន ដែលអាចពាក់ព័ន្ធនឹងយុទ្ធសាស្ត្រយោធា និងសន្តិសុខជាតិរបស់ចិន ផងដែរ។ ទោះជាយ៉ាងណា របាយការណ៍នេះមិនបានរកឃើញភស្តុតាងណាមួយ ដែលគាំទ្រដល់សម្មតិកម្មអំពីអន្ទាក់បំណុលដូចដែលការចោទប្រកាន់កន្លងមកនោះទេ។
គួរកត់សម្គាល់ថា ក្នុងចំណោមប្រទេសដែលទទួលហិរញ្ញប្បទានទាំងនោះ ក៏មានប្រទេសអូស្ត្រាលីផងដែរ ដែលទទួលបានកញ្ចប់ថវិកាប្រមាណ៤,៥ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍកំពង់ផែយុទ្ធសាស្ត្រចំនួន៧ កន្លែង រួមមាន នៅទីក្រុងប្រ៊ីបេន និងមែលប៊នជាដើម៕
ដោយៈ សរ សុជាតិ