ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា កំពុងធ្វើឱ្យមហាយក្សចិន ព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ផលប្រយោជន៍ដ៏មហាសាលរបស់ខ្លួននៅប្រទេសនេះ។ នៅប៉ុន្មានម៉ោងមុនពេលចាប់ខ្លួន លោក នីកូឡាស ម៉ាឌូរ៉ូ បានជួបជាមួយបេសកជនជាន់ខ្ពស់របស់ចិន និងបានសរសើរទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ក្រោយការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាម៉េរិក ដោយបានហៅចំណាត់ការយោធានោះថា ជាទង្វើចក្រពត្តិនិយម និងទាមទារឱ្យមានការដោះលែងលោក ម៉ាឌូរ៉ូ និងភរិយារបស់លោកជាបន្ទាន់ ព្រមទាំងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់ ដើម្បីដោះស្រាយរឿងនេះទៀតផង។
ទន្ទឹមនឹងថ្កោលទោស មេការទូតរបស់ក្រសួងការបរទេសចិន បានលើកឡើងថា គ្មានប្រទេសណាមួយមានសិទ្ធិធ្វើជាប៉ូលិស និង ចៅក្រមរបស់ពិភពលោកជាដាច់ខាត។ ទីក្រុងប៉េកាំង មានការព្រួយបារម្ភយ៉ាងខ្លាំងថា ចំណាត់ការរបស់អាម៉េរិក អាចធ្វើឱ្យឥទ្ធិពលរបស់ខ្លួននៅអាម៉េរិកឡាទីន ចុះខ្សោយ និងគំរាមកំហែងដល់ផលប្រយោជន៍ហិរញ្ញវត្ថុដ៏ធំសម្បើមនៅក្នុងប្រទេសវេណេស៊ុយអេឡា។ ទិន្នន័យបង្ហាញថា ប្រទេសចិន បានផ្ដល់កម្ចីដល់វេណេស៊ុយអេឡា រហូតដល់ទៅ ១០០ពាន់លានដុល្លារអាម៉េរិកឯណោះក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ហើយចិន ក៏ជាអ្នកទិញប្រេងពីប្រទេសវេណេស៊ុយអេឡាធំជាងគេផងដែរ។
នៅពេលនេះបណ្ដាធនាគារចិន កំពុងវាយតម្លៃការខាតបង់ ដែលអាចកើតមានឡើង ប្រសិនបើរដ្ឋាភិបាលវេណេស៊ុយអេឡាថ្មី ដែលស្ថិតនៅក្រោមសម្ពាធរបស់សហរដ្ឋអាម៉េរិក ផ្តល់អាទិភាពដល់ម្ចាស់បំណុលអាម៉េរិកសំខាន់ជាងម្ចាស់បំណុលចិន។ ប្រទេសចិន មានការព្រួយបារម្ភកាន់តែខ្លាំងអំពីលទ្ធភាពរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាក្នុងការទូទាត់សងបំណុល របស់ខ្លួន។
ក្រុមអ្នកវិភាគបានវាយតម្លៃថា ទីក្រុងប៉េកាំងអាចព្យាយាមចរចាឱ្យរដ្ឋាភិបាលវេណេស៊ុយអេឡាទូទាត់សងបំណុល ឬប្រើប្រាស់សិទ្ធិពិសេសក្នុងវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ទោះជាយ៉ាងណាវាអាស្រ័យលើ ថាតើអ្នកណាដែលគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីលោក នីកូឡាស ម៉ាឌូរ៉ូ ។ ហើយប្រសិនបើរដ្ឋាភិបាលថ្មីរបស់វេណេស៊ុយអេឡា បដិសេធកិច្ចព្រមព្រៀងកន្លងមក ប្រទេសចិន អាចនឹងបន្តចំណាត់ការតាមផ្លូវច្បាប់អន្តរជាតិដើម្បីទាមទារយកលុយរបស់ខ្លួនមកវិញ៕
ដោយ: តែម សុខុម