ការធ្វើដំណើរតាមរថភ្លើងដ៏វែងបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ អ្នកដំណើរអាចសាកល្បងជិះពីសិង្ហបុរី ទៅកាន់ប្រទេសព័រទុយហ្គាល់ ដែលគ្របដណ្តប់លើប្រវែងសរុបជិត១ម៉ឺន៩ពាន់គីឡូម៉ែត្រឆ្លងកាត់ប្រទេសចំនួន១៣ ដោយភ្ជាប់អាស៊ីអាគ្នេយ៍ទៅអឺរ៉ុបខាងលិចបាន។ បច្ចុប្បន្នកំណាត់ផ្លូវដែកឡាវ-ចិន ដែលសាងសង់ឡើងនៅឆ្នាំ២០១៦ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២១ ក្រោមទឹកប្រាក់វិនិយោគប្រមាណ៥,៨ពាន់លានដុល្លារបានក្លាយជាតួអង្គដ៏សំខាន់ក្នុងការតភ្ជាប់បណ្តាញផ្លូវដែកដ៏ទូលំទូលាយរវាងអាស៊ីអាគ្នេយ៍ និងប្រទេសចិន។
ជាមួយនឹងការតភ្ជាប់នេះ អ្នកដំណើរអាចធ្វើដំណើរចេញពីសិង្ហបុរី ទៅកាន់ប្រទេសម៉ាឡេស៊ី ថៃ ឡាវ រួចទៅកាន់ទីក្រុងគុនមីង ប្រទេសចិន ដោយងាយស្រួល។ បន្ទាប់មកអ្នកដំណើរអាចធ្វើដំណើរពីប្រទេសចិន ទៅប្រទេសម៉ុងហ្គោលី រុស្ស៊ី បេឡារុស ប៉ូឡូញ អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ មុនពេលទៅដល់គោលដៅចុងក្រោយក្នុងប្រទេសព័រទុយហ្គាល់។ គួរបញ្ជាក់ថា ការធ្វើដំណើរទៅមកតាមផ្លូវដែកនេះអ្នកដំណើរត្រូវចំណាយពេលប្រហែល២១ថ្ងៃ៕
ដោយៈ សរ សុជាតិ