សារព័ត៌មានធំៗជាច្រើនបានរាយការណ៍នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ថា ប្រទេសជប៉ុន បាននិយាយថា យន្តហោះចម្បាំងរបស់មហាយក្សចិន បានតម្រង់រ៉ាដារបស់ពួកគេទៅកាន់យន្តហោះយោធាជប៉ុន ដែលបង្កឱ្យមានភាពតានតឹងជាថ្មី។ ជប៉ុន បានចាត់ទុកការប្រឈមមុខដាក់គ្នានេះថា ជាទង្វើដ៏គ្រោះថ្នាក់ ប៉ុន្តែទន្ទឹមនេះចិន ក៏បានស្តីបន្ទោសជប៉ុន ចំពោះការបញ្ជូនយន្តហោះចម្បាំងមកវាយប្រហារ និងរំខានកងទ័ពជើងទឹកចិនម្តងហើយម្តងទៀត ខណៈដែលខ្លួនកំពុងធ្វើសមយុទ្ធហ្វឹកហ្វឺនការហោះហើរនៅភាគខាងកើត នៃច្រកសមុទ្រមីយ៉ាកូ (Miyako Strait) ដោយថែមទាំងបានប្រកាសឱ្យដឹងជាមុនទៀតផង។
សូមញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសជប៉ុន និងមហាយក្សចិន បានប្រេះឆានឹងគ្នាយ៉ាងខ្លាំងនៅក្នុងរយៈពេលមួយខែមកនេះ ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានព្រមានថា ប្រទេសជប៉ុន អាចនឹងប្រើកម្លាំងយោធា ដើម្បីឆ្លើយតបនឹងសកម្មភាពយោធាណាមួយរបស់មហាយក្សចិន ប្រឆាំងកោះតៃវ៉ាន់ ព្រោះវាក៏គំរាមកំហែងដល់សន្តិសុខរបស់ជប៉ុន ផងដែរ។
អំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ចូហាន វ៉ាដេលហ្វុល (Johann Wadephul) នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា ដោយសារឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ជប៉ុន ក្នុងនាមជាប្រទេសចាញ់សង្គ្រាម គួរតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្នជាងនេះ។
ដោយ: តែម សុខុម