
វិស័យលក់រាយនៅក្នុងប្រទេសចិន សម្រេចបានកំណើនទាបត្រឹមតែ៣% ប៉ុណ្ណោះ កាលពីអំឡុងខែកញ្ញា ហើយទិន្នផលឧស្សាហកម្មចិន សម្រេចបានកំណើន៥% ដែលទាំងពីរនេះសុទ្ធតែជាកំណើនខ្សោយបំផុតនៅឆ្នាំ២០២៥ នេះ។ ការវិនិយោគបានជាប់គាំងដោយសារតែវិស័យអចលនទ្រព្យចិន បានដាំក្បាលចុះខ្លាំង និងកំពុងជាប់ផុងក្នុងវិបត្តិ ការវិនិយោគបរទេសធ្លាក់ចុះ១៣% ការធ្លាក់ចុះការចំណាយក្នុងវិស័យផលិតកម្ម ដែលជះផលប៉ះពាល់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាលចិន។
អតិរេកពាណិជ្ជកម្មរបស់មហាយក្សចិន បានឈានដល់កម្រិតកំណត់ត្រា៨៧៥ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថា អតិរេកពាណិជ្ជកម្ម ឬការនាំចេញច្រើនជាងការនាំចូលយ៉ាងច្រើនសម្បើមខាងលើនេះនឹងមិនអាចប៉ះប៉ូវបញ្ហារចនាសម្ព័ន្ធដ៏ជ្រៅរបស់ចិន បានឡើយ ហើយនោះ គឺដោយសារការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ ហានិភ័យអប្បផរណា និងការពឹងផ្អែកខ្លាំងតែលើការនាំចេញ។
នៅឯកិច្ចប្រជុំពេញអង្គរបស់បក្សកុម្មុយនីស្តចិន នៅសប្តាហ៍ក្រោយ ក្រុមមេដឹកនាំចិន ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការ៥ឆ្នាំបន្ទាប់ (២០២៦-២០៣០) ដើម្បីផ្លាស់ប្តូរគោលដៅសេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើការនាំចេញឆ្ពោះទៅរកសេដ្ឋកិច្ច ដែលពឹងផ្អែកលើការប្រើប្រាស់ក្នុងស្រុក។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យារករថា មហាយក្សចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៨% នៅឆ្នាំ២០២៥ នេះ ហើយនឹងធ្លាក់ចុះវិញមកនៅត្រឹម៤,២% នៅឆ្នាំ២០២៦ ដោយព្រមានថា ប្រទេសចិន ប្រឈមហានិភ័យវិបត្តិអប្បផរណា ដែលធ្វើឱ្យពលរដ្ឋ និងអាជីវកម្មនានាជួបការលំបាកក្នុងការទូទាត់សងបំណុល លុះត្រាតែពលរដ្ឋបង្កើនការចាយវាយ ហើយរដ្ឋាភិបាលចិន កាត់បន្ថយការពឹងផ្អែកលើឧស្សាហកម្ម និងការនាំចេញ៕
ដោយ: តែម សុខុម