
មហាយក្សចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ បានដាក់ចេញនូវកម្មវិធីទិដ្ឋាការអាស៊ានពិសេស ដែលអាចចេញចូលបានច្រើនដងសម្រាប់ធុរជនមកពីប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។ ពេលនេះ អ្នកធ្វើដំណើរដែលជាធុរជនរួមជាមួយប្តីប្រពន្ធ និងកូនៗរបស់ពួកគេដែលមកពីប្រទេសទាំង១១ខាងលើនេះ អាចស្នើសុំទិដ្ឋាការអាស៊ាន ដើម្បីទៅលេងប្រទេសចិន បានហើយ។ ទិដ្ឋាការអាស៊ាននេះ អនុញ្ញាតឱ្យភ្ញៀវទេសចរជាធុរជនចេញចូលប្រទេសចិន បានច្រើនដងក្នុងរយៈពេល៥ឆ្នាំ ដោយការស្នាក់នៅក្នុងមួយលើកៗមានរយៈពេលរហូតដល់ទៅ១៨០ថ្ងៃ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា កម្មវិធីទិដ្ឋាការអាស៊ាននេះ មានគោលបំណងសម្រួលដល់ការធ្វើដំណើរឆ្លងដែនក្នុងតំបន់ ជាពិសេសធុរជនមកពីប្រទេសទាំង១១ខាងលើ ដែលត្រូវចេញចូលប្រទេសចិនញឹកញាប់។
កម្មមវីធីទិដ្ឋាការអាស៊ានថ្មីនេះ ត្រូវបានដាក់ចេញបន្ថែមពីលើកិច្ចព្រមព្រៀងធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ដែលមានស្រាប់ដែលប្រទេសចិន មានជាមួយប្រទេសនានា ក្នុងតំបន់រួមមាន សិង្ហបុរី ថៃ និងម៉ាឡេស៊ី។ បច្ចុប្បន្នពលរដ្ឋសិង្ហបុរី និងពលរដ្ឋចិន អាចធ្វើដំណើរចេញចូលប្រទេសទាំងពីរបានដោយមិនចាំបាច់មានទិដ្ឋាការក្នុងរយៈពេល៣០ថ្ងៃ ក្រោមកិច្ចព្រមព្រៀងដែលបានចូលជាធរមានកាលពីខែកុម្ភៈ ឆ្នាំមុន។ ហើយអ្នកធ្វើដំណើរមកពីម៉ាឡេស៊ី និងថៃ ក៏អាចចេញចូលប្រទេសចិន ដោយមិនចាំបាច់មានទិដ្ឋាការស្រដៀងគ្នាដែរ។
កម្មវិធីទិដ្ឋាការឡានឆាង-មេគង្គ ដែលប្រទេសចិន បានដាក់ចេញនៅខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ដល់ទិដ្ឋាការពិសេសដល់អ្នកដំណើរជាធុរជនមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលអាចចេញចូលប្រទេសចិនបានច្រើនដងក្នុងរយៈពេល៥ឆ្នាំជាមួយនឹងការស្នាក់ក្នុងមួយលើកៗរហូតដល់១៨០ថ្ងៃ។ ជាការពិតណាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលមកពីទូទាំងពិភពលោកឱ្យបានកាន់តែច្រើន ប្រទេសចិន បានបង្កើនកិច្ចព្រមព្រៀងធ្វើដំណើរដោយគ្មានទិដ្ឋាការជាមួយប្រទេសជាច្រើន៕
ដោយ: តែម សុខុម