
ទីក្រុងធំៗរបស់មហាយក្សចិន ផ្ដល់ទីតាំងអាជីវកម្មក្នុងសួនឧស្សាហកម្មដោយមិនអស់ថ្លៃឈ្នួល ដើម្បីទាក់ទាញអាជីវកម្មទើបបង្កើតថ្មីថ្មោង ខណៈដែលអត្រាកន្លែងទំនេរនៃសួនឧស្សាហកម្មចិន កើនឡើងខ្ពស់រហូតដល់ទៅ៥០% នៅក្នុងតំបន់មួយចំនួន។ ទំនោរ ឬនិន្នាការផ្ដល់ទីតាំងអាជីវកម្មដោយមិនគិតថ្លៃឈ្នួលនៅតាមសួនឧស្សាហកម្មនេះ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៥ ហើយមានគោលបំណងសំខាន់ គឺដើម្បីកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម និងដើម្បីបំពេញកន្លែងទំនេរទុកចោល បន្ទាប់ពីមហាយក្សចិន បានសម្រុកសាងសង់សួនឧស្សាហកម្មច្រើនលើសកម្រិតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលសម្បូរតែសួនឧស្សាហកម្ម តែមិនសូវមានក្រុមហ៊ុន ឬអាជីវកម្មបោះទីតាំងឈរជើងនៅកន្លែងទាំងនោះ។
ជាក់ស្តែងទីក្រុងគ័ងចូវ ឬក្វាងចូវ កំពុងផ្តល់ទីតាំងអាជីវកម្មដោយមិនយកថ្លៃឈ្នូលរហូតដល់ទៅ៣ឆ្នាំនៅទីតាំងសាកល្បងចំនួន១៣ផ្សេងគ្នា។ ទីក្រុងផ្សេងៗទៀតបានអនុវត្តតាម ដោយក្រុងហងចូវ បានសន្យាផ្តល់កន្លែងទំនេររហូតដល់ទៅ២០ម៉ឺនម៉ែត្រការ៉េ ខណៈដែលទីក្រុងប៉េកាំង ក្រុងស៊ូចូវ និងក្រុងឈឹងទូ ក៏បានដាក់ចេញនូវកម្មវិធីផ្តល់ជូនពិសេសស្រដៀងគ្នានេះដែរ។
សូមបញ្ជាក់ថា ចំណាត់ការនេះកើតឡើងបន្ទាប់ពីក្រុងប៉េកាំង បានចេញបម្រាមការលើកទឹកចិត្តដល់អាជីវកម្មនានាបែបចាស់គំរឹលដូចជាជួលដីក្នុងតម្លៃថោក និងការបន្ធូរបន្ថយពន្ធជាដើម។ ហើយខណៈដែលអត្រាកន្លែងទំនេរ នៃសួនឧស្សាហកម្មចិនកើនឡើងខ្ពស់រហូតដល់ទៅ៥០% នៅក្នុងតំបន់មួយចំនួន បណ្ដារដ្ឋអំណាចក្នុងមូលដ្ឋានកំពុងប្រើប្រាស់ការផ្តល់ទីតាំងដោយឥតគិតថ្លៃជាឧបករណ៍ថ្មីមួយ ដើម្បីប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនដែលចង់រីកចម្រើនឆាប់រហ័ស និងដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងជួបការលំបាក៕
ដោយ: តែម សុខុម