លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ករណីជនជាតិចិន សម្រុកនាំគ្នាស្នើសុំឯកសារវិលត្រឡប់ទៅស្រុកកំណើតវិញនៅប៉ុន្មានថ្ងៃនេះ មិនមែនឆ្លុះបញ្ចាំងពីរំហូរភ្ញៀវទេសចរចិន ចេញពីកម្ពុជា នោះទេ ដ្បិតពួកគេទាំងនោះ ភាគច្រើនជាអ្នកស្នាក់នៅ និងធ្វើការនៅកម្ពុជា មិនមែនជាភ្ញៀវទេសចរឡើយ។ ទោះយ៉ាងណា លោក ធួន ស៊ីណាន អះអាងថា ជនជាតិចិនទាំងនោះដែលបានស្នើសុំទិដ្ឋាការចាកចេញពីកម្ពុជា ទៅកាន់ប្រទេសចិនវិញ ទំនងបណ្ដាលមកពីឥទ្ធិពល នៃការបង្ក្រាបករណីឆបោកតាមប្រព័ន្ធអនឡាញ ពីសំណាក់អាជ្ញាធរកម្ពុជា ដ្បិតនៅមួយរយៈចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានដុតដៃដុតជើងយ៉ាងសម្បើមលើការបង្ក្រាករណីឆបោកតាមអនឡាញ រួមទាំងការចាប់ខ្លួនជនសង្ស័យមេខ្លោងឆបោកអនឡាញដ៏ធំ លោក Chen Zhi បញ្ជូនទៅកាន់ប្រទេសចិន ផងដែរ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ក៏បានវាយថា ភាគច្រើននៃជនជាតិចិន ដែលសម្រុកទៅស្នើសុំឯកសារចាកចេញពីកម្ពុជា យ៉ាងតក់ក្រហល់នាពេលថ្មីៗនេះ ទំនងជាអ្នកធ្វើការងារផ្នែកអនឡាញ ដែលបានស្នាក់នៅកម្ពុជា តាំងពីយូរមកហើយ។ ទោះជាយ៉ាងណា លោកកត់សម្គាល់ថា ក៏មានទេសចរចិនខ្លះបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នាខែកុម្ភៈខាងមុខផងដែរ។
អ្នកជំនាញទេសចរណ៍ បានគូសបញ្ជាក់ដែរ ទោះបីជាមានសម្រុកចាកចេញពីជនជាតិចិនក្ដី ប៉ុន្ដែតម្លៃសំបុត្រយន្ដហោះទៅមករវាងប្រទេសកម្ពុជា-ចិន មិនទាន់មានការប្រែប្រួលខុសប្រក្រតីនោះឡើយ។ ពាក់ព័ន្ធនឹងករណីជនជាតិចិន សម្រុកចាកចេញពីកម្ពុជានេះ នៅមិនទាន់មានការបញ្ជាក់ណាមួយ ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធនៅឡើយទេ គិតត្រឹមការចេញផ្សាយនេះ៕