
ស្ថិតក្នុងជ្រលងភ្នំមួយនៅខេត្តហ្គីស៊ូ (Guizhou) ប្រទេសចិន ស្ពានហួជាំងក្រេនខានយ៉ុន (Huajiang Grand Canyon) កម្ពស់៦២៥ម៉ែត្រ ទទួលបានជោគជ័យលើការបើករថយន្តចំនួន៩៦គ្រឿងសាកល្បងកាលពីពេលថ្មីៗ មុននឹងបើកឱ្យដំណើរការជាសាធារណៈនៅខែក្រោយ។ ស្ពាននេះត្រូវបានគេសរសើរថា ជាស្ថាបត្យកម្មដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក។
ក្នុងពេលសាកល្បងនេះ រថយន្តដឹកទំនិញធុនធ្ងន់ចំនួន៩៦គ្រឿងដែលមានទម្ងន់សរុបជាង៣ពាន់តោនត្រូវបានដាក់នៅលើស្ពាននេះ ដើម្បីវាយតម្លៃអំពីសមត្ថភាពផ្ទុករបស់វា។ ឧបករណ៍ចាប់សញ្ញាជាង៤០០ បានត្រួតពិនិត្យចំណុចសំខាន់ៗនៅលើតួស្ពាន ប៉ម ខ្សែ និងឧបករណ៍យោងស្ពាន ដែលមានការប្រែប្រួលបន្តិចបន្តួចបំផុតដោយធានាបាននូវភាពត្រឹមត្រូវ និងសុវត្ថិភាពនៃរចនាសម្ព័ន្ធស្ពាននេះ។ វិស្វករបានបញ្ជាក់ថា កម្លាំង ភាពរឹង និងដំណើរការជារួមរបស់ស្ពាននេះត្រូវតាមស្តង់ដាសុវត្ថិភាព។
ស្ពាននេះមានប្រវែងសរុបជិត៣ពាន់ម៉ែត្រ ប៉ុន្តែប្រវែងពីសាច់ស្ពានពីមាត់ជ្រោះម្ខាងទៅម្ខាងទៀតមានប្រវែង១,៤២០ម៉ែត្រ ហើយនៅពេលបើកឱ្យដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ស្ពាននេះនឹងទទួលបានកំណត់ត្រាជាស្ពានខ្ពស់ជាងគេបំផុតនៅលើពិភពលោក និងជាស្ពានដែលវែងជាងគេនៅក្នុងតំបន់ភ្នំផងដែរ៕
ដោយ៖ សុខ មង្គល