សកម្មភាពនេះកើតឡើងនៅពេល ដែលប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បង្កើនសម្ពាធកាន់តែខ្លាំងទៅលើប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times។
លោក វ៉ាង យី ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិនផងនោះ បានសង្កត់ធ្ងន់ថា ប្រទេសចិន និងវេណេស៊ុយអេឡា គឺជាដៃគូយុទ្ធសាស្ត្រ ហើយការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក គឺជាប្រពៃណីយូរអង្វែងនៅក្នុងទំនាក់ទំនងរបស់ពួកគេ។ ប្រទេសចិនប្រឆាំងនឹងការធ្វើបាបជាឯកតោភាគីគ្រប់ទម្រង់ ហើយបន្តគាំទ្រការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរជាតិ។
កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ លោកប្រធានាធិបតី ត្រាំ បានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងជាប់ទណ្ឌកម្មទាំងអស់ ដែលចូល និងចេញពីប្រទេសវេណេស៊ុយអេឡា ដែលនេះជាសកម្មភាពមួយដែលទំនងជាធ្វើឱ្យភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស កាន់តែកើនឡើង ព្រោះវាផ្តោតលើប្រភពចំណូលសំខាន់របស់ប្រទេសវេណេស៊ុយអេឡាដោយផ្ទាល់។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ តែងបដិសេធជានិច្ចចំពោះការចោទប្រកាន់របស់លោកត្រាំ ដែលថា ក្រុងការ៉ាកាស មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន ដោយបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលរបស់លោក ក្រោមលេសយុទ្ធនាការប្រឆាំងគ្រឿងញៀន។
លោក វ៉ាង បានប្រាប់រដ្ឋមន្ត្រីការបរទេសរបស់វ៉េណេស៊ុយអេឡា គឺលោក អ៊ីវ៉ាន ជីល ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា ប្រទេសវេណេស៊ុយអេឡា មានសិទ្ធិក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសដទៃទៀត ហើយលោកជឿជាក់ថា សហគមន៍អន្តរជាតិយល់ និងគាំទ្រជំហររបស់ប្រទេសវេណេស៊ុយអេឡាក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕
អត្ថបទ៖ សួន ឡង់ទី