អន្តរជាតិ

ស្ថានទូតចិនប្រចាំទីក្រុងបាងកក ព្រមានពលរដ្ឋខ្លួនឱ្យប្រយ័ត្នរឿងចាប់ជំរិត និងការឆបោក ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ


ស្ថានទូតចិនប្រចាំទីក្រុងបាងកកបានព្រមានពលរដ្ឋខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅប្រទេសថៃ ដោយសារការព្រួយបារម្ភអំពីករណីចាប់ជំរិត ជួញដូរមនុស្ស និងការឆបោកតាមអ៊ីនធឺណិត។ ស្ថានទូតបានណែនាំឱ្យផ្ទៀងផ្ទាត់ព័ត៌មានការងារ និងការធ្វើដំណើរ ព្រមទាំងយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួន។
ស្ថានទូតចិនព្រមានពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នពេលធ្វើដំណើរទៅកាន់ប្រទេសថៃ

សន្តិសុខ និងសុវត្ថិភាពទេសចរណ៍នៅក្នុងប្រទេសថៃកំពុងជួបវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីស្ថានទូតចិនប្រចាំទីក្រុងបាងកក បានចេញសេចក្តីណែនាំបន្ទាន់ដល់ពលរដ្ឋខ្លួនឱ្យរៀបចំផែនការធ្វើដំណើរដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួនជាចម្បង ខណៈដែលករណីចាប់ជំរិតតម្រង់ទិសលើជនជាតិចិនបានកើតឡើងជាបន្តបន្ទាប់នៅលើទឹកដីថៃ។ នៅក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃសុក្រ សប្តាហ៍មុន ស្ថានទូតចិនបានចង្អុលបង្ហាញចំៗលើក្រុមអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ឬ Influencers និងក្រុមអ្នកសិល្បៈឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលបោកបញ្ឆោត ក្រោមរូបភាពផ្តល់ការងារ ដែលមានប្រាក់ខែខ្ពស់ហួសពីការពិតនៅក្នុងប្រទេសថៃ។

នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហេតុការណ៍ជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដោយតារាល្បីៗលើបណ្តាញសង្គម និងអ្នកដំណើរចិនត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជំរិតនៅកណ្តាលប្រទេសថៃតែម្តង ហើយរត់ពន្ធពួកគេបន្តទៅឱ្យក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទង្វើនេះបានស្តែងឱ្យឃើញពីចន្លោះប្រហោងនៃប្រព័ន្ធសន្តិសុខថៃ ដែលធ្វើឱ្យស្ថានទូតចិនប្រចាំទីក្រុងបាងកក ត្រូវបង្ខំចិត្តចេញមុខដាស់តឿនពលរដ្ឋខ្លួនឱ្យប្រយ័ត្នប្រយែងលើគ្រប់មធ្យោបាយធ្វើដំណើរ ដែលរៀបចំដោយអ្នកដទៃ ដោយជ្រើសរើសតែសេវាកម្ម ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវ និងដាច់ខាតកុំទទួលយកការជិះយានយន្តដោយឥតគិតថ្លៃពីជនចម្លែក ឬអ្នកស្គាល់គ្នានៅលើទឹកដីថៃឱ្យសោះ។

សេចក្តីជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតចិនបានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលគ្រប់រូបត្រូវតែបដិសេធដាច់ខាតរាល់ការផ្លាស់ប្តូរទីតាំង ឬផ្លូវធ្វើដំណើរភ្លាមៗដោយគ្មានប្រភពច្បាស់លាស់ និងត្រូវផ្ញើដំណឹងពីទីតាំងផ្ទាល់ខ្លួនទៅកាន់ក្រុមគ្រួសារជាប្រចាំ។

ទោះបីជាស្ថានទូតចិនធ្លាប់បានចេញការព្រមានស្រដៀងគ្នានេះកាលពីខែមេសា ក៏ដោយ ប៉ុន្តែការចេញសេចក្តីណែនាំជាថ្មីលើកនេះបានសង្កត់ធ្ងន់ចំៗ និងកាន់តែធ្ងន់ធ្ងរលើការកើនឡើងនៃចំនួនអ្នកសិល្បៈ និង Influencers ដែលត្រូវបានគេល្បួងមកប្រទេសថៃ រួចជួញដូរបន្តយ៉ាងងាយស្រួលទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្តែងបុរសជនជាតិថៃម្នាក់អាយុ៣០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា នៅក្នុងខេត្តតាក ជាប់ព្រំដែនមីយ៉ាន់ម៉ា។ ជនសង្ស័យរូបនេះ គឺជាសមាជិកបណ្តាញជួញដូរមនុស្ស ដែលបានប្រើប្រាស់ល្បិចផ្តល់ការងារក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនជាតិចិនចំនួន៣នាក់ឱ្យមកដល់ប្រទេសថៃ រួចដឹកជញ្ជូនពួកគេយកទៅលក់នៅតំបន់ព្រំដែនមីយ៉ាន់ម៉ាតែម្ដង៕




អត្ថបទបន្ទាប់


ចិនសម្រេចបានកំណើនសេដ្ឋកិច្ច ៤,៥% ក្នុងត្រីមាសទី៣ និងបានដាក់កំហិតលើការនាំចេញបច្ចេកវិទ្យាសូឡា

សេដ្ឋកិច្ចចិនសម្រេចបានកំណើន ៤,៥% ក្នុងត្រីមាសទី៣ ដោយសារការកើនឡើងតម្រូវការពីទីផ្សារបរទេសលើផលិតផលបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ ចិនបានស្នើរឹត…

តើមានមូលហេតុចម្បងអ្វីខ្លះធ្វើឱ្យពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុបនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់?

ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបកំពុងធ្វើបាតុកម្ម ដោយសារបញ្ហាតម្លៃលំនៅឋាន ការកើនឡើងថ្លៃចំណាយលើការរស់នៅ កង្វះឱកាសការងារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ