
ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានចាប់ផ្តើមលក់សំបុត្រសម្រាប់ផ្លូវហោះហើរថ្មីរបស់ខ្លួនតភ្ជាប់រវាងទីក្រុងសៀងហៃ និងទីក្រុងប៊ូណូស៊ែរ ប្រទេសអាហ្សង់ទីន ជាលើកដំបូងរបស់ខ្លួន។ ផ្លូវហោះហើរថ្មីនេះត្រូវចំណាយពេល២៥ម៉ោងកន្លះនៅពេលហោះត្រង់ចេញពីព្រលានយន្តហោះអន្តរជាតិពូតុង (Pudong) នៅទីក្រុងសៀងហៃ ទៅអាកាសយានដ្ឋានអន្តរជាតិមីនីស្ត្រូពីស្តារីនី (Ministro Pistarini) នៅទីក្រុងប៊ូណូស៊ែរ ប៉ុន្តែនៅពេលហោះត្រឡប់មកវិញ វានឹងត្រូវចំណាយយូរជាងនេះ គឺរហូតដល់២៩ម៉ោងឯណោះ។
បើទោះជាក្រុមហ៊ុនរបស់ចិននេះបានប្រើពាក្យថា ការហោះហើរដោយត្រង់ក៏ពិតមែន ប៉ុន្តែតាមជាក់ស្ដែងផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុននេះ ក៏មានការឈប់សម្រាករយៈពេល២ម៉ោងទាំងហោះទៅ និងត្រឡប់មកវិញនៅក្នុងទីក្រុងអូកឡេន (Auckland) នៃប្រទេសនូវែលសេឡង់ផងដែរ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។
នាពេលកន្លងមក ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានព្យាយាមស្វែងរកពានរង្វាន់ជាអ្នកដឹកជញ្ជូនអ្នកដំណើរដោយហោះត្រង់ឆ្ងាយជាងគេបំផុតនៅលើពិភពលោក ដែលជាផ្នែកមួយនៃយុទ្ធនាការទីផ្សាររបស់ពួកគេ ប៉ុន្តែក្រុមអ្នកជំនាញភាគច្រើនយល់ស្របថា រង្វាន់កំពូលសម្រាប់បរិបទនេះ គឺបានទៅលើក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ព្រោះពួកគេបានហោះត្រង់ពីព្រលានយន្តហោះឆាងី (Changi) ទៅកាន់បុរីញូវយ៉កក្នុងចម្ងាយជាង១ម៉ឺន៥ពាន់គីឡូម៉ែត្រដោយប្រើពេល១៨ម៉ោងជាប់គ្នាតែម្ដង។
យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បាននិយាយថា ជើងហោះហើរថ្មីរបស់ពួកគេនេះនឹងក្លាយជាផ្លូវពាណិជ្ជកម្មដំបូងគេរបស់ពិភពលោកដែលតភ្ជាប់ទៅកាន់ទីក្រុងដែលមានទីតាំងស្ថិតនៅទល់មុខនឹងផែនដីមួយនេះនៅពេលពួកគេចាប់ផ្ដើមពីថ្ងៃទី៤ ខែធ្នូ ចុងឆ្នាំនេះ ខណៈពួកគេគ្រោងនឹងហោះហើរទៅកាន់ទីនោះពីរដងក្នុងមួយសប្ដាហ៍៕