សេតវិមានអាម៉េរិក បានបញ្ចេញកំណត់ត្រាមួយកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ដោយគូសបញ្ជាក់ពីព័ត៌មានលម្អិតមួយចំនួន នៃកតិកាសញ្ញាពាណិជ្ជកម្ម ដែលបានព្រមព្រៀងគ្នាដោយប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។
បើតាមការអះអាងរបស់សេតវិមាន នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិននឹងចេញអាជ្ញាបណ្ណទូទៅដែលមានសុពលភាពសម្រាប់ការនាំចេញរ៉ែកម្រមួយចំនួនដូចជា ហ្គាលីញ៉ូម ជឺមេនញ៉ូម អង់ទីម៉ូនី និងក្រាហ្វីតជាដើម ដែលជាធនធានរ៉ែដ៏សំខាន់សម្រាប់បម្រើឱ្យការផលិតផលិតផលអេឡិចត្រូនិក រួមទាំងអាវុធរបស់សហរដ្ឋអាម៉េរិក។
ក្នុងនោះ ហ្គាលីញ៉ូម (gallium) គឺជាលោហៈដ៏សំខាន់សម្រាប់បម្រើក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសបន្ទះឈីប។ ជឺមេនញ៉ូម (germanium) ជាសារធាតុគីមីមួយដ៏សំខាន់សម្រាប់វិស័យបច្ចេកវិទ្យា និងឧស្សាហកម្មអេឡិចត្រូនិកជំនាន់ថ្មី រួមទាំងប្រព័ន្ធកាមេរ៉ាទំនើប ឧបករណ៍ចាប់រូបភាពនាពេលរាត្រី ឧបករណ៍អ៊ិចសារ៉េ និងអុបទិកនានា។ ចំណែកអង់ទីម៉ូនី (antimony) ជាសាធាតុគីមី ដើម្បីបន្ថែមលើប្លាស្ទិក ឬក្រណាត់ ឬផលិតផលផ្សេងៗ ដើម្បីកាត់បន្ថយចំហេះ។
ជាការតបស្នងដល់ចិន ទីក្រុងវ៉ាស៊ីនតោននឹងផ្អាកបន្ថែមសម្ពាធពន្ធគយលើទំនិញចិន និងបញ្ឈប់ផែនការអនុវត្តពន្ធគយ ១០០% ដែលលោក ដូណាល់ ត្រាំ បានគំរាមកំហែងថានឹងអនុវត្តលើចិន នៅខែវិច្ឆិកា នេះផងដែរ។ ពាក់ព័ន្ធនឹងការប្រកាសនេះស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕
ដោយៈ សរ សុជាតិ