ប្រទេសចិនបានដាក់ឱ្យដំណើរការផែនការឆ្នាំ២០២៦-២០៣០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយផ្តោតសំខាន់លើកំណើន នវានុវត្តន៍ ការផ្លាស់ប្តូរឆ្ពោះទៅរកឌីជីថលនីយកម្ម និងបរិយាកាសអាជីវកម្មឱ្យកាន់តែប្រសើរ។ នៅឆ្នាំ២០៣០ ផែនការនេះមានគោលបំណងឱ្យ SME ធំៗបង្កើនប្រាក់ចំណូលប្រតិបត្តិការក្នុងមនុស្សម្នាក់ៗប្រហែល១៥%ក្នុងរយៈពេល៥ឆ្នាំ ហើយនវានុវត្តន៍ គឺជាអាទិភាពដ៏សំខាន់មួយទៀត។ ការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្ទៃក្នុងដោយ SME ធំៗត្រូវបានរំពឹងថា នឹងកើនឡើងជាង៨%ជារៀងរាល់ឆ្នាំ ខណៈចំនួន SME ធំៗដែលមានជំនាញ និងបច្ចេកវិទ្យាកម្រិតខ្ពស់ត្រូវបានកំណត់ពង្រីកឱ្យឈានដល់២២,០០០សហគ្រាសនៅឆ្នាំ២០៣០។
ផែនការនេះ ក៏អំពាវនាវឱ្យពង្រឹងការផ្តល់ហិរញ្ញប្បទាន និងសេវាសាធារណៈ ការទទួលបានធនធានផលិតកម្មកាន់តែប្រសើរ និងការគាំទ្រផ្នែកច្បាប់ និងគោលនយោបាយកាន់តែប្រសើរឡើង។ ប្រទេសចិន នឹងខិតខំកាត់បន្ថយការពន្យារពេលទូទាត់ ដែលនៅជំពាក់ SME និងពង្រីកការទទួលបានប្រភពហិរញ្ញប្បទានផ្សេងៗយ៉ាងសម្បូរបែប។
ទីក្រុងប៉េកាំង ក៏មានគម្រោងបង្កើនតំបន់សហប្រតិបត្តិការសម្រាប់ SME ចិន និង SME បរទេសឱ្យឈានដល់៥០តំបន់នៅឆ្នាំ២០៣០ ទន្ទឹមនឹងការជំរុញអាជីវកម្មឆ្ពោះទៅរកការអភិវឌ្ឍឌីជីថល បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង។ ផែនការនេះកំណត់អាទិភាពសំខាន់ៗចំនួន៧ រួមទាំងការការពារអាជីវកម្ម និងការងារ ការបណ្តុះ SME ឱ្យកាន់តែរឹងមាំ ការកែលម្អសេវាកម្មរបស់ SME ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធនធានផលិតកម្ម និងការពង្រីកការការពារផ្នែកច្បាប់។
SME ពិតជាមានសារៈសំខាន់ណាស់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយទិន្នន័យបានបង្ហាញថា នៅចុងឆ្នាំ២០២៥ នៅទូទាំងប្រទេសចិន មាន SME រហូតដល់ទៅជាង៦៣លានសហគ្រាសកំពុងដំណើរការ គ្របដណ្ដប់រហូតដល់ជាង៩៥% នៃអង្គភាពអាជីវកម្មទាំងអស់នៅប្រទេសចិន។ ផែនការខាងលើនេះ គឺជាផ្នែកមួយនៃផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន ខណៈទីក្រុងប៉េកាំង កំពុងស្វះស្វែងពង្រឹង SME និងពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសចិន ស្របពេលមានការប្រកួតប្រជែងសកលកាន់តែខ្លាំងឡើង៕
ដោយ: តែម សុខុម