វិស័យពាណិជ្ជកម្ម

ចិន ជំរុញឱ្យអាម៉េរិក លុបចោលពន្ធគយជាឯកតោភាគីរបស់លោក ត្រាំ ហើយថា សង្គ្រាមពាណិជ្ជកម្មមិនមានអ្នកឈ្នះទេ


ចិន ជំរុញឱ្យសហរដ្ឋអាម៉េរិក លុបចោលពន្ធគយឯកតោភាគី បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិកបានចេញសាលដីកាសម្រេចលុបចោលវិធានការពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ជាពិសេសពន្ធគយខ្ពស់ ដែលលោកបានដាក់លើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មទូទាំងពិភពលោក ហើយចិន ថែមទាំងបានព្រមានសហរដ្ឋអាម៉េរិកថា សង្គ្រាមពាណិជ្ជកម្មមិនមានអ្នកឈ្នះនោះទេ។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន CNA បានរាយការណ៍កាលពីថ្ងៃទី២៣ ខែកុម្ភៈ ថា ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិន បានកើនឡើងកម្ដៅជាថ្មី ក្រោយទីក្រុងប៉េកាំង ជំរុញឱ្យក្រុងវ៉ាស៊ីនតោន លុបចោលពន្ធគយជាឯកតោភាគីរបស់លោក ដូណាល់ ត្រាំ ក្រោយការសម្រចរបស់តុលាការកំពូលអាម៉េរិក ហើយថែមទាំងបានព្រមានថា សង្គ្រាមពាណិជ្ជកម្មមិនមានអ្នកឈ្នះនោះទេ។ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលអាម៉េរិក បានសម្រេចដោយសំឡេង៦ទល់៣ ថា ក្រោមច្បាប់ឆ្នាំ១៩៧៧ ប្រធានាធិបតី ដូណាល់ ត្រាំ គ្មានសិទ្ធិអំណាច ដើម្បីដាក់ពន្ធមួយចំនួនលើប្រទេសដទៃនោះឡើយ។ ការសម្រេចចិត្តនេះបានធ្វើឱ្យរាំងស្ទះដល់គោលនយោបាយពាណិជ្ជកម្មពិភពលោក។

លោក ដូណាល់ ត្រាំ បានឆ្លើយតបវិញភ្លាមៗដោយប្រកាសដាក់ពន្ធសកលថ្មី១០% ក្រោមច្បាប់ផ្សេង ហើយក្រោយមកលោក ក៏បានបង្កើនពន្ធថ្មីនោះដល់១៥%។ ពន្ធថ្មីនេះត្រូវបានកំណត់ឱ្យចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៤ ខែកុម្ភៈ ដោយមានរយៈពេល១៥០ថ្ងៃជាមួយនឹងការលើកលែងមួយចំនួន។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ខ្លួនកំពុងពិនិត្យមើលប្រសិទ្ធភាពនៃសេចក្តីសម្រេចរបស់តុលាការកំពូលអាម៉េរិក ហើយបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលពន្ធគយដ៏ចម្រូងចម្រាស ដោយបានព្រមានថា សង្គ្រាមពាណិជ្ជកម្មមិនមានអ្នកឈ្នះទេ ហើយថា គោលនយោបាយគាំពារនិយមមិនដំណើរការទេ គឺមិនបានផលនោះឡើយ។

ក្រសួងការបរទេសចិន បានលើកឡើងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើសហរដ្ឋអាម៉េរិកនឹងចាត់វិធានការផ្សេងៗទៀតដូចជាការស៊ើបអង្កេតពាណិជ្ជកម្មជាដើម ដើម្បីរក្សាពន្ធឱ្យនៅដដែលឬយ៉ាងណា។ ទីក្រុងប៉េកាំងបានប្រកាសប្ដេជ្ញាថា ខ្លួននឹងចាត់រាល់វិធានការឆ្លើយតបចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

ភាពតានតឹងថ្មីនេះកើតឡើងមុនដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅទីនោះក្នុងអាណត្តិទី២ របស់លោក។ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បាននិយាយថា ជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនភីង នៅក្នុងខែមេសា ដ៏ខ្លីខាងមុខនេះមិនផ្តោតលើការប្រជែងគ្នាផ្នែកពាណិជ្ជកម្មនោះទេ។

សូមបញ្ជាក់ថា ការសម្រេចរបស់តុលាការកំពូលអាម៉េរិក គឺជាការថយក្រោយមួយជំហានដ៏ធំសម្រាប់គោលនយោបាយពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ។ ទោះជាយ៉ាងណា មន្ត្រីសហរដ្ឋអាម៉េរិក បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានស្រាប់ជាមួយប្រទេសចិន និងប្រទេសដទៃទៀតនឹងនៅតែរក្សាទុកដដែល។

ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏បានពិចារណាដាក់ពន្ធលើបន្ទះឈីបផងដែរ។ ប្រទេសចិនបានប្រឆាំងយ៉ាងខ្លាំងចំពោះចំណាត់ការបែបនេះ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថាបានកំណត់គោលដៅវាយប្រហារក្នុងគោលបំណងសង្កត់កឧស្សាហកម្មចិន យ៉ាងអយុត្តិធម៌៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មកទល់ពេលនេះ គ្មានប្រទេសណាមួយដកខ្លួនពីកិច្ចព្រមព្រៀងពន្ធគយជាមួយអាម៉េរិកនោះទេ ទោះពន្ធបដិការត្រូវបានលុបចោល

បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ ប្រឈមនឹងការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលពីតុលាការកំពូលជុំវិញបញ្ហាពន្ធគយ ប្រទេសភាគច្រើនបានរក្សាភាពស្ងៀមស្ងាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ