
មហាយក្សចិន បានចោទប្រកាន់ និងព្រមានហ្វីលីពីនថា កំពុងប្រលែងលេងជាមួយភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយសារពាក្យសម្ដីរបស់មេដឹកនាំហ្វីលីពីន។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា បានថ្លែងថា ដោយសារប្រទេសហ្វីលីពីន មានភូមិសាស្ត្រស្ថិតនៅកៀកនឹងកោះតៃវ៉ាន់ ហើយក៏មានសហគមន៍ជនជាតិហ្វីលីពីន ដ៏ធំនៅលើកោះតៃវ៉ាន់ ដូចនេះប្រាកដណាស់ថា ប្រទេសហ្វីលីពីននឹងលូកដៃអន្តរាគមន៍ក្នុងករណីមហាយក្សចិន និងសហរដ្ឋអាម៉េរិកមានជម្លោះជុំវិញដែនអធិបតេយ្យភាពរបស់កោះតៃវ៉ាន់។
ជាការឆ្លើយតបក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា កុំយកភាពជិតកៀកគ្នាផ្នែកភូមិសាស្ត្រ និងប្រជាជនហ្វីលីពីន ច្រើននៅលើកោះតៃវ៉ាន់ មកធ្វើជាលេសដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ក្រសួងការបរទេសចិន បានជំរុញឱ្យហ្វីលីពីន គោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ចិន តែមួយ និងជៀសវាងការប្រលែងលេងជាមួយភ្លើងលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់មហាយក្សចិន។
ការលើកឡើងរបស់លោក Marcos បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ជុំវិញជម្លោះនៅសមុទ្រចិន ខាងត្បូង ដែលជាផ្លូវដឹកជញ្ជូនទំនិញតាមកប៉ាល់ដ៏មមាញឹក។ ប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកចំពោះការធ្វើសមយុទ្ធដ៏ខ្លាំងក្លា និងការរំលោភលើអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ដែលជំរុញឱ្យសហរដ្ឋអាម៉េរិក ចេញមុខបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនថានឹងការពារហ្វីលីពីនពីការគំរាមកំហែងរបស់មហាយក្សចិន៕
ដោយ: តែម សុខុម