វិស័យសេដ្ឋកិច្ច

បំណុលនៅប្រទេសចិន កើនលើសទំហំសេដ្ឋកិច្ចជាង៣ដង ដែលកំពុងបង្កើនការព្រួយបារម្ភពីអតិផរណា និងសេដ្ឋកិច្ចមានកំណើនយឺត


នៅត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ អនុបាតបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានឈានរហូតដល់៣០២% គួរឱ្យភ្ញាក់ផ្អើល ដោយកើនឡើងលើសពី ៣០០% ជាលើកដំបូងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ បំណុលសរុបរបស់មហាយក្សចិន ពេលនេះមានទំហំលើសពី៤០០ទ្រីលានយន់ ឬជិត៥៧ទ្រីលានដុល្លារអាម៉េរិកទៅហើយ។ បំណុលនេះរួមបញ្ចូលបំណុលពលរដ្ឋ បំណុលរដ្ឋាភិបាល និងបំណុលក្រុមហ៊ុនសាជីវកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
វិស័យសេដ្ឋកិច្ច
ដោយ

បំណុលរបស់ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុទី២ ក្នុងពិភពលោក បានកើនឡើងលើសទំហំសេដ្ឋកិច្ចរបស់ខ្លួនរហូតដល់ទៅជាង៣ដង គឺលើសពី៤០០ទ្រីលានយន់ ឬជិត៥៧ទ្រីលានដុល្លារអាម៉េរិក​ ដែលកំពុងបង្កើនការព្រួយបារម្ភអំពីអតិផរណា និងកំណើនសេដ្ឋកិច្ចយឺត។ ការធ្លាក់ចុះសេដ្ឋកិច្ចកំពុងធ្វើឱ្យអាជីវកម្ម និងគ្រួសារពលរដ្ឋចិន ស្ទាក់ស្ទើរក្នុងការខ្ចីប្រាក់ ដែលធ្វើឱ្យការចាយវាយ និងការវិនិយោគចុះខ្សោយ និងបង្កើនហានិភ័យនៃអប្បផរ​ណាបំណុល ដែលជាវដ្ដសេដ្ឋកិច្ចដ៏អាក្រក់ ដោយការធ្លាក់ចុះតម្លៃទំនិញធ្វើឱ្យលទ្ធភាពសងបំណុលកាន់តែពិបាក ហើយជាលទ្ធផលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែចុះខ្សោយ។

បំណុលរដ្ឋាភិបាល កំពុងកើនឡើង ខណៈរដ្ឋាភិបាលចិន បានបោះផ្សាយមូលបត្របំណុលបន្ថែមទៀត ដើម្បីផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជំនួសបំណុលរដ្ឋបាលមូលដ្ឋានដែលលាក់កំបាំង។ បំណុលរដ្ឋាភិបាលចិន បានឈានដល់ជាង៦៧% នៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះ គ្រួសារពលរដ្ឋចិន កំពុងកាត់បន្ថយការខ្ចីប្រាក់ ដោយបំណុលពលរដ្ឋបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៥ ខណៈដែលប្រជាជនចិន បង្ខំមចិត្តលក់អចលនទ្រព្យ ដើម្បីសងប្រាក់កម្ចីទិញផ្ទះអំឡុងពេលទីផ្សារលំនៅឋានដាំក្បាលចុះខ្លាំង។

បំណុលសាជីវកម្មនៅតែខ្ពស់ខ្លាំងក្នុងអត្រារហូតដល់ជាង១៧៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ប៉ុន្តែកំណើនបានថយចុះ ខណៈដែលរដ្ឋាភិបាលចិន កំពុងចាត់វិធានការ ដើម្បីទប់សមត្ថភាពផលិតកម្មច្រើនហួសកម្រិត និងការប្រកួតប្រជែងហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ទីផ្សារ។ ការវិនិយោគលើទ្រព្យសកម្មថេរត្រូវបានព្យាករថា នឹងធ្លាក់ចុះជាលើកដំបូងនៅឆ្នាំនេះ។

កម្រិតបំណុលរបស់ប្រទេសចិន កំពុងខិតជិតដល់កម្រិតបំណុលរបស់ប្រទេសជប៉ុន ដែលបានជួបវិបត្តិហិរញ្ញវត្ថុនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ទៅហើយ ប៉ុន្តែកម្រិតចំណូលរបស់ប្រទេសចិន គឺទាបជាងឆ្ងាយ។ ចំនួនប្រជាជនវ័យចំណាស់ និងការកើនឡើងថ្លៃជីវភាព ក៏កំពុងកាត់បន្ថយសមត្ថភាពរបស់ប្រទេសចិន ក្នុងការខ្ចីបុលសម្រាប់ការជំរុញសេដ្ឋកិច្ចរបស់ខ្លួននាពេលអនាគតផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ម៉ាឡេស៊ី និងវៀតណាម កំពុងប្រជែងគ្នាដណ្តើមទីផ្សារទេសចរណ៍ពីថៃ

ភាពក្រអឺតក្រទម ចលាចលនយោបាយ និងការបង្កជម្លោះព្រំដែនជាមួយកម្ពុជា របស់ថៃ កំពុងហុចឱកាសដល់ម៉ាឡេស៊ី ក្នុងការដណ្តើមតំណែងជាទីផ្សារទេសចរណ៍ធំបំ…

អ្នកជំនាញរំពឹងកំណើនឧស្សាហកម្មក្នុងស្រុក ជួយស្តារតម្រូវការអចលនទ្រព្យ

វិស័យអចលនទ្រព្យកម្ពុជា បានរងផលប៉ះពាល់ពីវិបត្តិសកលជាបន្តបន្ទាប់ ហើយថ្មីៗនេះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ តែយ៉ាងណាអ្នកជំនាញវិស័យក្នុងវិស័យអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ