
មជ្ឈមណ្ឌលស្រាវជ្រាវមួយនៃសកលវិទ្យាល័យស៊ីងហ័រ (Tsinghua University) នៅប្រទេសចិន បានស្នើឱ្យមហាយក្សចិន បោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលរហូតដល់ទៅប្រមាណ៤,២ទ្រីលានដុល្លារអាម៉េរិក ដើម្បីកាត់បន្ថយហានិភ័យវិបត្តិហិរញ្ញវត្ថុ និងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសតាមរយៈការជួយស្រោចស្រង់ទីផ្សារអចលនទ្រព្យដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុល និងការជំរុញការចំណាយរបស់អតិថជនជាអ្នកប្រើប្រាស់។
ក្រុមអ្នកជំនាញមកពីសកលវិទ្យាល័យស៊ីងហ័រ បានលើកឡើងថា រដ្ឋបាលគ្រប់គ្រងមូលដ្ឋានជាច្រើនកំពុងជាប់ផុងជាមួយបំណុល ដែលបំណុលខ្លះមិនរាប់បញ្ចូលជាផ្លូវការ ប៉ុន្តែវានៅតែបង្កហានិភ័យធ្ងន់ធ្ងរ ដូចនេះរដ្ឋាភិបាលថ្នាក់ជាតិ គួរតែគ្រប់គ្រងបំណុលនេះ ហើយជំនួសបំណុលនេះដោយសញ្ញាបណ្ណ ឬមូលបត្របំណុលដែលមានការប្រាក់ទាប ព្រោះការធ្វើបែបនេះ ប្រទេសចិន នឹងអាចសន្សំប្រាក់បាន និងដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ។
ក្រុមអ្នកជំនាញបានឡើកឡើងថា នៅក្នុងផែនការបោះផ្សាយមូលបត្របំណុលនេះ រដ្ឋាភិបាលចិន គួរប្រើលុយជាង៥៥៨ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញផ្ទះដែលលក់មិនទាន់ចេញ ហើយប្រែក្លាយផ្ទះទាំងនោះទៅជាផ្ទះដែលមានតម្លៃសមរម្យសម្រាប់កម្មករ ហើយប្រើប្រាស់លុយបន្ថែមទៀតបានពីការបោះផ្សាយមូលបត្របំណុលនោះ ដើម្បីដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មនានា ដែលមានការផ្គត់ផ្គង់ច្រើនហួសប្រមាណ និងបង្កើនការចំណាយក្នុងស្រុក ។
ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងបង្ហាញកំណើនដែលផលិតផលក្នុងស្រុកសរុប GDP បានកើនឡើង៥,៤% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ យ៉ាងណាក្ដី ក៏ក្រុមអ្នកជំនាញបានព្រមានថា បញ្ហាបំណុលអាចនឹងធ្វើឱ្យអ្វីៗដាំក្បាលចុះ ប្រសិនបើមិនដោះស្រាយវាឱ្យបានឆាប់ទេនោះ។ ក្រុមអ្នកជំនាញជឿថា ការដោះដូរបំណុលដ៏ធំសម្បើមនេះគឺជាមធ្យោបាយដ៏ឆ្លាតវៃប្រកបដោយបុរេសកម្ម ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន កុំឱ្យដាំក្បាលចុះ៕
ដោយ៖ តែម សុខុម