
សមាគមអ្នកផ្គត់ផ្គង់រថយន្តអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ ថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អឺរ៉ុបរាប់រយបានស្នើសុំអាជ្ញាបណ្ណនាំចេញរ៉ែកម្រចាប់តាំងពីប្រទេសចិន បានរឹតបន្តឹងលើការនាំចេញរ៉ែកម្រក្នុងខែមេសា ប៉ុន្តែមានតែក្រុមហ៊ុនប្រហែល២៥% ប៉ុណ្ណោះ ដែលទទួលបានការអនុម័តដែលធ្វើឱ្យមានការព្រួយបារម្ភថា បញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់នឹងប៉ះពាល់ដល់ការផលិតយានយន្ត។
សមាគមនេះមិនបានបង្ហាញអំពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់ដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែបានព្រមានអំពីហានិភ័យនៃការបិទរោងចក្រ និងខ្សែច្រវាក់ផលិតកម្មបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលបណ្ដាលមកពីការរឹតបន្តឹងរបស់ចិន លើនាំចេញរ៉ែកម្រ៧ប្រភេទរួមមានរ៉ែឌីសប្រូស្យូម និងធើប្យូម ដែលប្រើសម្រាប់ការផលិតរថយន្តអគ្គិសនី និងផលិតផលផ្សេងទៀត។
ពាក់ព័ន្ធការរឹតបន្តឹងលើរ៉ែកម្ររបស់ចិន នេះដែរ ក្រុមហ៊ុនផ្គត់ផ្គង់រថយន្តរបស់សហរដ្ឋអាម៉េរិក បាននិយាយថា វិធានការជាបន្ទាន់ត្រូវតែធ្វើជាចាំបាច់ដើម្បីទប់ទល់នឹងការរឹតបន្តឹងលើរ៉ែកម្ររបស់ចិន៕
ដោយ៖ សុខ មង្គល